មន្ត្រីមូលដ្ឋានមានតួនាទីសំខាន់ក្នុងចូលរួមសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល
AKP កំពត ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥--
មេឃុំ ចៅសង្កាត់នៅខេត្តកំពតបានបញ្ជាក់ថា មន្ត្រីនៅថ្នាក់មូលដ្ឋានមានតួនាទីសំខាន់ ក្នុងការផ្តល់នូវភាពកក់ក្តៅអចិន្ត្រៃយ៍ជូនដល់ពលរដ្ឋរបស់ខ្លួន តាមរយៈការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ការឆ្លើយតបសំណើ សំណូមពរ និងតម្រូវចាំបាច់ជាដើម។ មន្ត្រីមូលដ្ឋានជាអ្នកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។ តាមរយៈប្រសិទ្ធភាពការងារ៥អាណត្តិមកនេះ ស្រុក និងខេត្តមួយមានភាពរីកចម្រើន គឺត្រូវផ្តើមចេញពីភូមិ និងឃុំជាមុនសិន។

លោក ស៊ីវ យុត ចៅសង្កត់ក្រាំងអំពិល ក្រុងកំពត បានលើកឡើងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៥ នេះថា ផ្តើមចេញពីការដឹកនាំប្រទេស តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត នៅស្ថានប័នថ្នាក់ក្រោមជាតិ ឃុំសង្កាត់ជានិតិបុគ្គលមួយ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន។ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្គាត់ ៥អាណត្តិមកនេះបានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះឲ្យអនុវត្ត បាន និងកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋពោពេញដោយភាពសុខដុមរមនា។

ចំណែកចៅសង្កាត់ត្រពាំងព្រីង ស្រុកទឺកឈូ លោក សំ ប៉ិច ក៏បានបញ្ជាក់ថា នៅមូលដ្ឋានរបស់លោកមានភាពល្អប្រសើរ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឃុំទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ៣ឆ្នាំជាប់ៗ ហើយភាពល្អប្រសើរនៅក្នុងមូលដ្ឋាននេះហើយ ដែលញ៉ាំងឱ្យស្រុក ខេត្តរីកចម្រើន ហើយប្រទេសនឹងក្លាយជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ទុក។

ពលរដ្ឋរស់នៅភូមិត្រពាំងព្រីងបានសម្តែងការពេញចិត្តចំពោះគោលនយោបាយដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល ពិសេសពេញចិត្តចំពោះមន្ត្រីអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើនជាបន្តបន្ទាប់។
សូមជម្រាបដែរថា ខេត្តកំពតមាន២ក្រុង ៧ស្រុក ៩៣ឃុំសង្កាត់ និង៤៩១ភូមិ មានប្រជាពលរដ្ឋសរុបជាង៧០ម៉ឺនាក់៕
ដោយ ប្រាក់ លាង





