ក្រសួងប្រៃសណីយ៍បើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

សន្និបាតនេះរៀបចំឡើងដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នាលើវឌ្ឍនភាពការងារតាមវិស័យរបស់ក្រសួងដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ព្រមទាំងបង្ហាញអំពីសមិទ្ធផលសម្រេចបានក្នុងការអនុវត្តការងារក្នុងរយៈពេល៥ឆ្នាំ (២០២០-២០២៤) កន្លងមក។ ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួងបានឆ្លងពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ទៅរកការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្តខិតខំធ្វើការកែទម្រង់លើការងាររបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ដើម្បីជំរុញការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវវិស័យ៣ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមបញ្ចូលគ្នាជាវិស័យឌីជីថល និងការរួមចំណែកនៅក្នុងដំណើរការកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការចាប់យក ការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។

គូសបញ្ជាក់ផងដែរថា កម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





