ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម និងនេសាទខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះសមិទ្ធផលដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយថាមពល ស្វាហាប់ ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តថែរក្សាប្រព័ន្ធអេកូឡូស៊ី ការពាជីវចម្រុះ និងតំបន់ធម្មជាតិ តាមរយ:ផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងការពារធម្មជាតិ ការធ្វើទំនើបកម្ម និងឌីជីថលនីយកម្មទិន្នន័យព័ត៌មាន និងភូមិសាស្ត្រតំបន់ការពារធម្មជាតិ។ ដោយផ្តោតលើការបង្កើនផលិតភាព គុណភាព សុវត្ថិភាព ពិពិធភាពតម្លៃបន្ថែម និងភាពធន់តាមរយ:ការស្រាវជ្រាវការអភិវឌ្ឍពូជដំណាំ ពូជសត្វ និងវារីវប្បកម្មដែលធន់នឹងអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ បន្តជំរុញសហគមន៍កសិកម្ម សហគមន៍នេសាទ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅមូលដ្ឋាន និងពង្រីកបច្ចេកទេសកសិកម្មទំនើប វៃឆ្លាតឌីជីថលមានសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះមន្ទីរកសិកម្មបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបណ្តុះបណ្តាលវិធីសាស្ត្រដាំដុះ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វ ពាក់ព័ន្ធទៅនឹងបច្ចេកទេសដល់កសិករ ដើម្បីធានាបានទិន្នផលខ្ពស់ រក្សាតុល្យភាពបរិស្ថានធម្មជាតិ ក្នុងការជំរុញលើកកម្ពស់បង្កើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការថែទាំដើមឈើនៅតាមមហាវិថី វិថី និងអនុវិថីទាំង៣៧ខ្សែ ទទួលបានលទ្ធផលល្អ។ មន្ទីរកសិកម្មខេត្តព្រះសីហនុ បំពេញការងារឈានមុខគេនៅទូទាំងប្រទេសក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋ ការបំផុសឈានឆ្ពោះទៅគោលដៅមួយ ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាខេត្ត រាជធានី ទន្ទឹមនោះត្រូវរួមគ្នាថែរក្សាដើមឈើនៅក្នុងក្រុងព្រះសីហនុ ដើម្បីបង្កើនសោភណ័ភាព បរិស្ថាន និងធ្វើការបណ្តុះ និងដាំដុះដើមកោងកាង។ មន្ទីរកសិកម្មត្រូវពង្រឹងលើវារីវប្បកម្មមានដូចជាក្តាម ត្រី ដើម្បីធានាផលិតផលកសិកម្ម ដោយមិនពឹងផ្អែកការនាំចូលពីបណ្តាខេត្ត ក៏ដូចជាប្រទេសជិតខាង យើងត្រូវប្រមូលគំនិតរួមគ្នាគិត។ អាជ្ញាធរត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋឪ្យចេះដាំដុះ និងធ្វើវារីវប្បកម្ម ជាពិសេសការដាំដុះដើម ឈើ ដើម្បីបរិស្ថាន និងផលដំណាំនៅជុំវិញផ្ទះ ដើម្បីបង្កើនជីវភាពគ្រួសារ ព្រោះការអភិវឌ្ឍទាមទារឱ្យមានបរិស្ថាន និងសោភ័ណភាព។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានធ្វើការក្រើនរំលឹកដល់មន្ទីរកសិកម្មខេត្តព្រះសីហនុ ត្រូវរៀបចំផែនការក្នុងការបណ្តុះបណ្តាលធ្វើវារីវប្បកម្ម ការងារដាំដុះបន្លែរួមផ្សំ និងការចិញ្ចឹមសត្វ និងនីតិវិធីសាស្ត្រងាយស្រួលក្នុងការដាំដុះទទួលបានទិន្នផលខ្ពស់ ដើម្បីធានានិរន្តរភាព និងអភិរក្សធនធានធម្មជាតិ ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ការប្រើប្រាស់ដំណោះស្រាយតាមបែបធម្មជាតិ និងធ្វើបច្ចុប្បន្នភាពព្រៃឈើតំបន់ដីសើម ព្រៃកោងកាង និងប្រព័ន្ធអេកូឡូស៊ីសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រ និងបង្កបរិយាកាសអំណោយផលសម្រាប់វិស័យកសិកម្ម។ ដោយធ្វើការបែងចែកប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានដកកញ្ចប់ថវិការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ យើងត្រូវរួមគ្នាធ្វើឱ្យបានល្អ អភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តរបស់យើងឱ្យទទួលបានទិន្នផលខ្ពស់បន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់អនុសាសន៍៩ចំណុច៖ ១. ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជាមួយមន្ទីរ អង្គភាព ២. ទប់ស្កាត់ ការរំលោភបំពានដីគម្របព្រៃឈើឆ្នាំ២០០២ ៣. ជំរុញរៀបចំ និងអភិវឌ្ឍមជ្ឈមណ្ឌលសេដ្ឋកិច្ចបៃតង លើកកម្ពស់មជ្ឈមណ្ឌលកែច្នៃកសិកម្ម ការអភិវឌ្ឍពិពិធកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមបច្ចេកវិទ្យា ៤. ជំរុញគាំទ្រ និងធានាដល់ការអភិរក្សធនធានជលផល កន្លែងត្រីពង ផលិផលកសិកម្ម រៀបចំកន្លែងចិញ្ចឹមត្រី និងសត្វសមុទ្របែបធម្មជាតិ ៥. កំណត់ទីតាំងរៀបចំ និងអភិវឌ្ឍតំបន់កសិកម្មធម្មជាតិតាមភូមិ ផ្សារភ្ជាប់ជាមួយទេសចរណ៍ ៦. បង្កើនគុណភាពផលិតផល និងផ្សព្វផ្សាយផលិតផលផ្សេងៗដែលផលិតដោយដៃរបស់ប្រជាកសិករនៅមូលដ្ឋាន ៧. គាំទ្រពង្រឹង និងពង្រីកការកែច្នៃ និងវេចខ្ចប់ធនធានសមុទ្រសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ៨. ធ្វើសមាហរណកម្មសេដ្ឋកិច្ចជនបទទៅក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ទំនិញសហគមន៍តាមរយៈភូមិមួយផលិតផលមួយ និង៩. សិក្សាទីផ្សារ និងផ្សព្វផ្សាយផលិតផលកសិកម្មដែលមានគុណភាពល្អ រៀបចំមជ្ឈមណ្ឌលផ្សព្វផ្សាយមណ្ឌលព័ត៌មានអំពីស្តង់ដារបច្ចេកទេសកសិកម្មទំនើប ព្រមទាំងសំណូមពរឱ្យមន្ត្រីរាជការនៃមន្ទីរកសិកម្ម ត្រូវយកចិត្តទុកដាក់របៀបវារ: កម្មវិធីប្រជុំ លើកជាមតិយោបល់ ស្ថាបនានូវចំណុចខ្វះខាតផ្សេងៗ និងការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ល្អៗសំដៅរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែរីកចម្រើន៕

ដោយ ងូ សុមុនី





