ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំអនុវត្តផែនការមេអភិឌ្ឍខេត្តព្រះសីហនុ និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជារបៀងសេដ្ឋកិច្ចពហុបំណងប្រទាក់ក្រឡាគ្នា
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំអនុវត្តផែនការមេអភិឌ្ឍខេត្តព្រះសីហនុ និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជារបៀងសេដ្ឋកិច្ចពហុបំណងប្រទាក់ក្រឡាគ្នា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ការដាក់ឱ្យដំណើការផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយយើងបានធ្វើការកំណត់ជា ៣ផ្នែកធំៗ៖ ទី១. ជាតំបន់ Logistics និងតំបន់ឧស្សាហកម្ម ២. តំបន់សមាហរណ្មកម្ម (ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ) និង៣. តំបន់ទេសចរណ៍ នៅតាមបណ្តាកោះរបស់យើង។ ហើយផែនការមេនេះអាចនឹងដាក់ឱ្យប្រើប្រាស់នៅចុងត្រីមាសទី១ ឬដើមត្រីមាសទី២ នៃឆ្នាំ២០២៥ខាងមុខ ការរៀបចំអនុវត្តផែនការមេអភិឌ្ឍខេត្តព្រះសីហនុ និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណងប្រទាក់ក្រឡាគ្នា គឺត្រូវដាក់អនុវត្តសាកល្បង ចាប់ពីឆ្នាំ២០២៥-២០៣០។ ម្យ៉ាងទៀតផែនការមេប្រទាក់ក្រឡាគ្នានេះត្រូវបានរាជរដ្ឋាភិបាលបានរៀបចំដាក់ខេត្តជាប់តំបន់ឆ្នេរទាំង៤ មានដូចជា ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ឱ្យមានការប្រទាក់ក្រឡាគ្នា។ ម្យ៉ាងទៀតខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការលើកទឹកចិត្តជំរុញការវិនិយោគឆ្នាំ២០២៤ និងបន្តឆ្នាំ២០២៥បន្ថែមទៀត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះយើងក៏ត្រូវដឹងពីសមត្ថភាពមន្ត្រីរបស់យើង និងធ្វើការវាយតម្លៃ និងចុះទៅធ្វើការត្រួតពិនិត្យនៅតាមបណ្តារោងចក្រ សហគ្រាសក្នុងខេត្តព្រះសីហនុ ថាតើសមត្ថភាពក្រុមការងាររបស់ខេត្តយើងអាចធ្វើម្ចាស់ការបានហើយឬនៅ ហើយស្ថាប័ននីមួយៗត្រូវអនុវត្តការងារផ្តោតទៅលើជំនាញរបស់ខ្លួនតាមលក្ខណៈសម្បត្តិ ដើម្បីជំរុញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគិនមកកាន់ខេត្តព្រះសីហនុ ឱ្យពួកគេមានការចាប់អារម្មណ៍ថា មានភាពកក់ក្តៅពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រដល់អ្នកវិនិយោគិន ជាពិសេសជួយសម្របសម្រួលបែបបទ និងវិធីសាស្ត្រផ្សេងៗប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តមកលើអាជ្ញាធររបស់យើង ពិសេសថែមទៀតក្រុមការងាររបស់យើងត្រូវធ្វើការងារជាក្រុមក្នុងក្របខ័ណ្ឌខេត្ត ដែលមានសមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធផលនៅពេលខាងមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានបន្តថា យើងត្រូវប្រមើមើលថា ការរៀបចំអនុវត្តផែនការមេអភិឌ្ឍខេត្តព្រះសីហនុ និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រជារបៀងសេដ្ឋកិច្ចពហុបំណងប្រទាក់ក្រឡាគ្នា បានដើរតួនាទីយ៉ាងសំខាន់ យើងត្រូវធ្វើអ្វី និងពង្រឹងអ្វីដែលនៅខ្វះចន្លោះទៅលើវិស័យណាខ្លះដែលទាមទារឱ្យយើងត្រូវរួមគ្នាបំពេញបន្ថែមនូវការខ្វះខាតទៅតាមជំនាញរៀងៗខ្លួន៕


ដោយ ងូ សុមុនី





