ក្រុមប្រឹក្សាខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ត្រួតពិនិត្យលទ្ធផលការងាររដ្ឋបាលខេត្ត ខែមករា ឆ្នាំ២០២៥ និងពិភាក្សាអនុម័តទៅលើកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦-២០២៨
AKP សៀមរាប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត មន្ទីរ កងកម្លាំងទាំងបី និងអាជ្ញាធរក្រុង ស្រុកចំណុះខេត្តសៀមរាបចូលរួមផងដែរ នៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំបានត្រួតពិនិត្យទៅលទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្ត ដែលអនុវត្តបានក្នុងខែមករាឆ្នាំ២០២៥ និងធ្វើការត្រួតពិនិត្យ អនុម័តទៅលើដំណោះស្រាយសម្រាប់បញ្ជីសំណួរ សំណូមពរ ចំនួន២៥៩ករណី ពាក់ព័ន្ធទៅផ្នែកអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ការងារអប់រំ សុខាភិបាល វិវាទដីធ្លី និងវិស័យរដ្ឋបាល ដែលបានលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤កន្លងមក ព្រមទាំងបានអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តសៀមរាប។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក លី សារី ក៏បានលើកនូវអនុសាសន៍មួយចំនួន ជំរុញដល់អាជ្ញាធរក្រុង ស្រុក លើការអនុវត្តការងាររដ្ឋបាលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យប្រកបដោយគុណភាពខ្ពស់ និងតម្លាភាព។

ថ្លែងបូកសរុបនៅក្នុងកិច្ចប្រជុំ ឯកឧត្តម លី សំរិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងាររបស់រដ្ឋបាលខេត្តទទួលបានប្រចាំខែមករា ព្រមទាំងសូមឱ្យមន្ត្រីទទួលបន្ទុកក្នុងការបូកសរុបរបាយការណ៍ ធ្វើត្រួតពិនិត្យនិងកែសម្រួលឡើងនូវរាល់ពាក្យពេចន៍ និងតួលេខឱ្យបានត្រឹមត្រូវ និងបានធ្វើការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំអាជ្ញាធរក្រុង ស្រុក លើការគ្រប់គ្រងលើស្ថាប័ន អង្គភាព ស្ថិតនៅក្រោមឱវាទ ក្នុងមូលដ្ឋានរបស់ខ្លួន ដើមី្បធានាឱ្យបាននូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ហើយរាល់ការដោះស្រាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីសំណួរ សំណូមពរ ក៏ត្រូវបានធ្វើការដោះស្រាយជូនបងប្អូនឱ្យបានជាបណ្តើរៗនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តម លី សំរិទ្ធ បានបញ្ជាក់ផងដែរថា រាល់លទ្ធផលនៃការដោះស្រាយនូវសំណួរសំណូមពររបស់ប្រជាពលរដ្ឋ សូមឱ្យអាជ្ញាធរក្រុង ស្រុក នាំយកលទ្ធផលទាំងនេះ ទៅធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់សំណួរ សំណូមពរ ឱ្យបានដឹងឮពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើមី្បឱ្យបងប្អូនមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

ដោយ ហង្ស សៀក





