ឯកឧត្តម ឃុន សាវឿន អញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះស្រូវដែលប្រឈមនឹងការខ្វះទឹក នៅក្រុងសៀមរាប ខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពដំណាំស្រូវប្រាំង និងការបូមទឹកជួយសង្គ្រោះបន្ថែម ដល់ដំណាំស្រូវដែលប្រឈមនឹងការខ្វះទឹក ស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានពិនិត្យមើលពីស្ថានភាពប្រភពទឹកស្ទឹងសៀមរាប ដែលបានបើកជូនតាមការស្នើសុំរបស់ប្រជាកសិករ ការបូមចែកចាយទឹករបស់ប្រជាកសិករ តម្រូវការទឹកសម្រាប់ដំណាំស្រូវ និងពិនិត្យទៅលើស្ថានភាពនៃការលូតលាស់របស់ដំណាំស្រូវនៅតំបន់រងគ្រោះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ និងផ្តល់អនុសាសន៍ដល់ប្រជាកសិករសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ សហការចែកចាយគ្នាឱ្យបានល្អ ជាពិសេសចំពោះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានសូមបន្តការតាមដាន និងសម្របសម្រួលស្នើសុំទឹកបន្តនៅពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់ណែនាំ ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដល់ប្រជាកសិករ អាជ្ញាធរភូមិ ឃុំ ស្រុក ឱ្យបានជ្រាប ដើម្បីជួយជំរុញប្រជាកសិករក្នុងមូលដ្ឋានឱ្យបានយល់ និងចូលរួមចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើបឡើងនាពេលឆាប់ៗខាងមុខ ហើយជាការឆ្លើយតបប្រជាកសិករបង្ហាញការសប្បាយចិត្ត និងសន្យាថានឹងរៀបចំខ្លួនចូលរួមជាមួយនឹងគម្រោងបង្កើតសហគមន៍កសិកម្មទំនើបនៅតំបន់របស់ពួកគាត់ផងដែរ។

សូមជម្រាបជូនថា ដោយមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់ឯកឧត្តមអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរានៅក្នុងការបញ្ជូនទឹកពីទំនប់អាងក្រពើតាមដងស្ទឹងដែលកំពុងធ្វើការស្តារ និងជួសជុលបានធ្វើឱ្យដំណាំស្រូវដែលកំពុងត្រូវការទឹកទទួលបានទឹកជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ គឺពុំមានការខូចខាតនោះទេ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





