ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញតាមប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពី វិ ធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ “សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥–នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) រួមជាមួយនឹង លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញស្តីពី វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ “សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម(Logistic Performance Index - LPI)” ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូបផងដែរ។

វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យដើម្បីកំណត់ LPI ដែលលើកយកមកធ្វើបទបង្ហាញនាឱកាសនេះ ត្រូវបានរៀបចំចងក្រងដោយអ្នកជំនាញរបស់ធនាគារពិភពលោក ដោយចាប់ពីឆ្នាំ២០២៥នេះតទៅ យន្តការនៃការកំណត់ LPI នឹងត្រូវផ្លាស់ប្តូរថ្មី ដោយមិនមានការស្ទង់មតិ និងការកំណត់ចំណាត់ថ្នាក់បន្តទៀតឡើយ។ ការផ្លាស់ប្តូរបែបនេះ គឺត្រូវបានធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់ឱ្យបាននូវចំណុចខ្លាំង និងចំណុចខ្សោយ នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យភស្តុភារកម្ម និងកំណត់គោលដៅក្នុងការអភិវឌ្ឍឱ្យបានច្បាស់លាស់ និងសព្វជ្រុងជ្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលបានធ្វើការវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញ និងបានជជែកពិភាក្សា ព្រមទាំងលើកជាសំនួរទៅកាន់អ្នកជំនាញនៃធនាគារពិភពលោក ដើម្បីបានធ្វើការពន្យល់បកស្រាយបន្ថែមឱ្យកាន់តែលម្អិត និងស៊ីជម្រៅ និងបានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាល ក្នុងការកំណត់ក្របខ័ណ្ឌ និងគោលនយោបាយពាក់ព័ន្ធនានា ឱ្យស្របទៅតាមនិន្នាការនៃការកំណត់ LPI ជាសកល។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរទៅគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការបន្ថែមទៀត និងបានស្នើសុំការគាំទ្រពីសំណាក់ធនាគារពិភពលោក ជុំវិញការធ្វើឱ្យប្រសើរឡើងនៃវិស័យភស្តុភារកម្មនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកស្រីនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវការតាំងចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សំដៅជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយ ដែលពោរពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់៕


ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ CDC





