ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥–ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។ បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់កាល ដែលកំពុង អនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងធានា នូវនិរន្តរភាពយូរអង្វែងរបស់វិស័យ។
ក្នុងនាមជាភាគីដ៏សំខាន់មួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរក្សាឱ្យបាននូវតួនាទីដ៏ សំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូរបស់យើងដើម្បីធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ យើងបានដឹង នូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងរបស់យើង មានគោលបំណងលើកកម្ពស់អតិថិជនឱ្យអាចមានលទ្ធភាពធ្វើការសម្រេចចិត្តប្រកបដោយការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារប្រតិបត្តិការឥណទានផងដែរ។ ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទានត្រូវបានធ្វើឡើងដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការពឹងផ្អែកតែលើទ្រព្យធានា។ វិធានការដ៏សំខាន់មួយទៀត គឺការហាមឃាត់ ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។
លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) ដែលស្ថិតក្រោមសមាគមធនាគារនៅកម្ពុជា (ABC)។ មជ្ឈមណ្ឌលនេះ ផ្តល់សេវាដោះស្រាយបណ្តឹងអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។ សមាគម ក៏កំពុងពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោត លើស្ត្រី និងសហគមន៍ជនបទ តាមរយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជនក្នុងវិស័យហិរញ្ញវត្ថុឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹងច្បាស់លាស់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលច្រើនលើសលុប។
លោកជំទាវ ឌិត នីតា បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយដៃគូ យើងកំពុងប្រឹងប្រែងកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងផ្តល់ ឱកាស ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ គោលដៅរបស់យើង គឺផ្តល់ជូនអតិថិជននូវសេវា និងផលិតផល ហិរញ្ញវត្ថុផ្លូវការ ដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ»។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ ដោយធានាថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែជាចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសអាជីវកម្ម។
ក្នុងពេលដែលការពិគ្រោះយោបល់កំពុងដំណើរការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដូចជាវិនិយោគិន អ្នកបង្កើតគោលនយោបាយ និយ័តករ អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ចូលរួមសហការក្នុងការតម្រង់ទិសវិស័យមីក្រូហិរញ្ញវត្ថុនៅ
កម្ពុជា។ តាមរយៈការចូលរួមជាមួយគ្នា យើងនឹងអាចធានាបានថា ប្រជាពលរដ្ឋដែលងាយរងគ្រោះទទួលបាននូវកិច្ចការពារ ហើយវិស័យមីក្រូហិរញ្ញវត្ថុនឹងបន្តលើកកម្ពស់ និងផ្តល់ឱកាសផ្នែកសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាគ្រប់ៗរូប៕




ដោយ៖ គង់ សិរីរ័ត្ន





