គណៈកម្មការទី៨ នៃរដ្ឋសភាទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង បានចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសហការី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈកម្មការទី៨ នៃរដ្ឋសភាដែលបានចំណាយពេលវេលា អញ្ជើញមកធ្វើទស្សនកិច្ចនៅ ស.វ.ស ដោយផ្ទាល់។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.សបានរាយការណ៍ជូន លោកជំទាវ ឡោក ខេង និងប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជ្រាបអំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យលើការងារសិក្សាធិការ ការសិក្សាស្រាវជ្រាវ ការផ្តល់សេវា ការងារសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ការទទួលស្គាល់គុណភាព ថ្នាក់ជាតិ និងអន្តរជាតិ ទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់សាកលវិទ្យាល័យ។


លោកជំទាវប្រធាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា បានទទួលជ្រាបនូវការបកស្រាយសំណួរផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលនៅស.វ.ស និងផ្តល់ការគាំទ្រដល់ដំណើរការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្របតាមគោលនយោបាយ និងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសាកលជូនប្រជាពលរដ្ឋកម្ពុជា ។






ដោយ៖ ប៊ុនរិទ្ធ





