ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងធនធានទឹក និង ឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ និងមន្ត្រីរាជការ តំណាងក្រសួងស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ ប្រមាណ៨៥រូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់និងសកល និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បី សម្រេចនូវគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈការបន្តការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ការ អនុវត្តផែនការការងារឆ្នាំ២០២៥ ផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៤-២០២៨ នឹងទទួលបានជោគជ័យជាបន្តទៀត ឆ្ពោះទៅសម្រេចចក្ខុវិស័យនៅថ្នាក់ជាតិ ដើម្បី «កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងក្របខ័ណ្ឌទន្លេមេគង្គតែមួយ ស្មារតីតែមួយ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ» និងនៅថ្នាក់តំបន់ ដើម្បី «អាងទន្លេមេគង្គមានវិបុលភាពផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម បរិស្ថានល្អ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ»៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងធនធានទឹក)





