កិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការចូលជាសមាជិកសហគមន៍បង្កើតថ្មី
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រុមការងារកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានចុះសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការចូលជាសមាជិកសហគមន៍កសិកម្មបង្កើតថ្មីបន្ថែមទៀត កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដឹកនាំដោយលោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម (តំណាងលោកប្រធានមន្ទីរកសិកម្មខេត្ត) និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលស្រុកគងពិសី ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT តំណាងធនាគារ ARDB ប្រចាំខេត្ត អាជ្ញាធរឃុំវាល លោកមេភូមិ អនុភូមិ និងថ្នាក់ដឹកនាំសហគមន៍កសិកម្មក្តីសង្ឃឹមឃុំវាល សរុបចំនួន៦១នាក់ នៅសាលប្រជុំសាលាឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ជូ សារឹម បានជំរុញឱ្យភាគីពាក់ព័ន្ធក្នុងអង្គប្រជុំឱ្យចូលរួមដល់ការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាកសិករពិចារណារួមគ្នា ក្នុងការឆ្លើយតបឱ្យចំគោលដៅ និងត្រឹមត្រូវទៅលើអ្នកកេងចំណេញដើម្បីប្រជាប្រិយភាព និងកេញចំណេញប្រយោជន៍នយោបាយតាមបណ្តាញសង្គម ដោយបានយកផលលំបាករបស់ប្រជាកសិករ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វើជាអាជីវកម្ម និងបង្កើនភាពល្បីល្បាញរបស់ខ្លួនផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានលើកទឹកចិត្តដល់សហគមន៍ឱ្យពិនិត្យលទ្ធភាពក្នុងការជំរុញទៅជាសហគមន៍កសិកម្មទំនើប ដែលមានទុនគ្រប់គ្រាន់ មានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប មានផែនការផលិតច្បាស់លាស់ មានការគាំទ្រពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។

ជាលទ្ធផល កិច្ចប្រជុំនេះសម្រេចបាន៖ ១) ផ្សព្វផ្សាយបន្ថែមពីកម្មវិធី ASPIRE-AT និងអត្ថប្រយោជន៍នៃការចូលរួមអនុវត្តកម្មវិធី ២) បង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត ៣)បង្ហាញពីគោលការណ៍កម្ចីថវិកាពីARDB ៤) ពិភាក្សា និងផ្តល់អនុសាសន៍ផ្សេងៗពីអ្នកចូលរួម ដើម្បីជំរុញ និងកៀរគរការចូលរួមជាសមាជិកសហគមន៍កសិកម្មបន្ថែមទៀត ៥) ផ្តល់នូវពាក្យសុំចូលជាសមាជិកដល់អ្នកចូលរួមដែលស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្ម ដើម្បីបំពេញ និងប្រគល់ជូនប្រធានសហគមន៍នៅថ្ងៃនេះ និងនៅថ្ងៃបន្តបន្ទាប់មកទៀត៕

ដោយ លឹម សាន្ត





