ឯកឧត្ដម ទិត ថាវរិទ្ធ ជួបសំណេះសំណាលជាមួយសិល្បករសិល្បការិនីក្រៅប្រព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយសិល្បករសិល្បការិនីជាង១០០នាក់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងកិច្ចការពាក់ព័ន្ធនឹងជីវិតសិល្បៈ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដមរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះសិល្បករសិល្បការិនីក្រៅប្រព័ន្ធ ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការលើកស្ទួយសិល្បៈទស្សនីយភាពតាមរយៈការចូលរួមព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗដែលក្រសួងបានរៀបចំ។ ក្នុងជំនួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំក៏បានផ្តល់កិត្តិយសប្រគល់នូវលិខិតសរសើរលើកទឹកចិត្តដល់សិល្បករ សិល្បការិនីក្រៅប្រព័ន្ធទាំងអស់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនសិល្បករសិល្បការិនីទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួនចូលរួមជាមួយក្រសួងវប្បធម៌លើកិច្ចការវប្បធម៌ជាច្រើននាពេលកន្លងមក៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





