ព្រះទេពសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ៖ ពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា
AKP កំពង់ធំ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥--ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ បានមានសង្ឃដីកាថា ពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ក្នុងឱកាសដែលព្រះអង្គបាននិមន្តជាព្រះអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅវត្តឃ្លាំងខ្មូត ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការនិមន្តនិងអញ្ជើញចូលរួមចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនអង្គ/នាក់។

ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាថា ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការ ត្រូវពង្រឹងគុណវុឌ្ឍិព្រះសង្ឃគ្រប់អង្គ ឱ្យសិក្សារៀនសូត្រ ការបដិបត្តិសាសនាឱ្យបានខ្ជាប់ខ្ជួន ការគ្រប់គ្រងវត្តមានការបញ្ជូនព្រះសង្ឃទៅសិក្សារៀនសូត្របន្ត នៅក្រៅវត្ត ការរក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរវាង ព្រះសង្ឃ លោកអាចារ្យ គណកម្មការនិង ពុទ្ធបរិស័ទចំណុះជើងវត្តដើម្បីវឌ្ឍនភាពវត្តអារាម និងព្រះពុទ្ធសាសនា និងបានណែនាំដល់ព្រះសង្ឃ ព្រះគ្រូចៅអធិកាលោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវជ្រើសរើសព្រះគ្រូចៅអធិការវត្តត្រូវមាននាយកធម៌៦យ៉ាងដើម្បីគ្រប់គ្រងដឹកនាំវត្តឱ្យបានរីកចម្រើន និងជាសសរទ្រូងពុទ្ធសាសនាដ៏រឹងមាំបំផុត។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់គ្រប់វត្តអារាម ត្រូវរៀបចំកែលម្អបរិស្ថានវត្តឱ្យក្លាយជាកន្លែងទេសចរណ៍វប្បធម៌សាសនា ប្រកបដោយសោភ័ណភាព មានប្លង់អភិវឌ្ឍ រចនាសម្ព័ន្ធប្លង់មេ ជាវត្តដែលស្រស់បំព្រងដោយធម្មជាតិពណ៌បៃតងនៃសួនច្បារនិងជាថ្នាលអប់រំហើយត្រូវពិនិត្យកាយសម្បទា និងបុគ្គលិកលក្ខណៈអ្នកបួសមុននឹងបំបួស ចៀសវាងមានរឿងហេតុមិនប្រក្រតីកើតឡើងឬនាំឱ្យអាប់ឱនដល់ព្រះពុទ្ធសាសនា។

ជាមួយគ្នានេះដែរ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានជំរុញ និងលើកទឹកចិត្តដល់គ្រប់វត្តក្នុងស្រុកស្ទោង ត្រូវអនុវត្តអភិក្រម៣នៃក្រសួងធម្មការ និងសាសនាឱ្យខាងតែបាន និងតម្កល់វត្តអារាមឱ្យបរិស្ថានស្អាត ទីកន្លែងអប់រំ វប្បធម៌ សីលធម៌ ចរិយាធម៌ ស្ងប់ដោយគ្មានទំនាស់ឬអំពើហឹង្សាផ្សេងៗហើយព្រះសង្ឃមិនត្រូវទៅកាន់ទីអគោចរដ្ឋាន ជាពិសេសបញ្ឈប់ការដើរ និងនិមន្តរៃអង្គាសបច្ច័យតាមទីសាធារណៈនាំឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាប់ឱនព្រះពុទ្ធសាសនានិងបានជំរុញឱ្យចុះបញ្ជីផ្លូវការប្លង់វត្តគ្រប់ៗវត្ត៕


ដោយ ស៊ុម វណ្ណា





