វគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំលក្ខខណ្ឌការងារជូនមន្ត្រីរាជការស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក ឈិន សេងងួន អភិបាលរងខេត្ដកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំលក្ខខណ្ឌការងារជូនមន្ត្រីរាជការដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់ការអនុវត្តតួនាទីដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់ និងកំណែទម្រង់ស្របតាមគោលនយោបាយជាតិស្តីពីវិមជ្ឈការ និងវិសហមជ្ឈការ នៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាល លោកនាយក នាយករងទីចាត់ការ ប្រធានអង្គភាព លោកប្រធាន អនុប្រធានការិយាល័យ និងអជ្ញាធរជុំវិញខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ឈិន សេងងួន បានមានប្រសាសន៍ថា ប្រណិតភាពថ្មីមួយទៀតរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មីមួយសម្រាប់យើងទាំងអស់គ្នា ជាពិសេសនៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងជំរុញដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើយ៉ាងណាឱ្យកំណែទម្រង់នេះបានប្រែក្លាយកាន់តែមុតស្រួច និងស៊ីជម្រៅដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ លោកបានបន្តថា មកដល់ពេលបច្ចុប្បន្ននេះ គឺជាជំហានថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ព្រមទាំងបង្ហាញអំពីសុឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់អាទិភាព និងការគាំទ្រលើគ្រប់វិស័យ វេទិកាសារធារណៈ វិស័យឯកជន ពិសេសវិស័យកសិកម្ម ក្តាប់បាននូវខ្លឹមសារ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពប្រសើរឡើង។

ជាមួយគ្នានេះដែរ លោកអភិបាលរងបានជំរុញដល់មន្ត្រីទាំងអស់ឱ្យបន្តរួមចំណែកអនុវត្តតួនាទី ភាកិច្ចរបស់ខ្លួនដើម្បីសម្រេចបាននូវលទ្ធផលក្នុងសមាសភាគទាំង៥ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ដែលយើងបានផ្តោតសំខាន់ការបង្កើនស្តង់ដារផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋានការអនុវត្តមុខងារដែលបានផ្ទេរឱ្យមានគុណភាព និងបង្កើនការប្រាស្រ័យទាក់ទងជាសាធារណៈតាមបណ្តាញសង្គម (ឌីជីថល) ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។ តាមរយៈការអនុវត្តមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

ដោយ បៃ ស៊ីថុន





