ឯកឧត្ដម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារវាស់វែងព្រំដែន ក្រុមការងារជីភីអេស (GPS) និងក្រុមប្រតិបត្ដិការកម្ពុជា-ឡាវ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារវាស់វែងព្រំដែន ក្រុមការងារជីភីអេស (GPS) និងក្រុមប្រតិបត្ដិការកម្ពុជា-ឡាវ កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំ ព្រមទាំងឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុនាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្ដី សរុបចំនួន៣៧រូប។

កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីស្ដាប់ការរាយការណ៍ និងតាមដានវឌ្ឍនភាពការងារ ព្រមទាំងផ្ដល់អនុសាសន៍ណែនាំជូនក្រុមការងារព្រំដែនកម្ពុជា-ឡាវសម្រាប់ការអនុវត្ដកិច្ចការជាមួយសមភាគីឡាវបន្ដបន្ទាប់ទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានមានមតិស្វាគមន៍ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកម្ពុជា-ឡាវទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ដ បំពេញការងារដ៏មានសារៈសំខាន់នេះជូនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូល។

តាមរយៈរបាយការណ៍របស់ក្រុមការងារ ឯកឧត្ដមរដ្ឋមន្រ្ដីបានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនដែលជាបញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារនីមួយៗ ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយជូនក្រុមការងារ ព្រមទាំងផ្ដល់អនុសាសន៍ដឹកនាំជូនក្រុមការងារកម្ពុជា-ឡាវ សម្រាប់ការចុះបំពេញការងារជាក់ស្ដែងនាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូលដែលបានពិភាក្សាក្នុងការផ្លាស់ប្ដូរមតិយោបល់ទៅលើបញ្ហាប្រឈម និងផ្ដល់ជាធាតុចូលដ៏មានសារៈសំខាន់នានា សម្រាប់សម្របសម្រួលការអនុវត្ដការងារ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសមិទ្ធផលជាផ្លែផ្កាបន្ថែមទៀតជូនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





