រដ្ឋមន្ត្រីក្រសួងវប្បធម៌អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរក្នុងមូលដ្ឋាន ក្រោមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះនៃកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងបានសហការជាមួយមូលដ្ឋានបានសំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយ ឆ្លើយតបបញ្ហាប្រឈម សំណើ សំណូមពរនានានៅមូលដ្ឋាន ជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំទទួលបានការចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង៨ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីជាអភិបាល អភិបាលរង ក្រុង/ស្រុក លោក លោកស្រី មេឃុំចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តជាច្រើនរូបទៀត៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





