ក្រុមអ្នកស្រាវជ្រាវស្វែងរកសំបុកសត្វត្មាត និងប្រភេទសត្វកម្រនៅដែនជម្រកសត្វព្រៃស្រែពក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥--ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៅក្នុងទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី បានបញ្ចប់ការស្វែងរកសំបុកសត្វត្មាតរយៈពេលប្រាំថ្ងៃដំបូងនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

អង្គការ WWF បានឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងគូសផែនទីទីតាំងសក្តានុពលនៃតំបន់សំបុកសត្វត្មាតភ្លើងដែលនៅជិតនឹងអាហារដ្ឋានសត្វត្មាត ដោយផ្តល់នូវទិន្នន័យសំខាន់ៗសម្រាប់ការស្វែងរកសត្វត្មាតនាពេលអនាគត។

អង្គការនេះបានឱ្យដឹងដែរថា ទោះបីជាគ្មានសំបុកត្រូវបានកត់ត្រាក៏ដោយ ការមើលឃើញសត្វត្មាតនៅក្បែរនោះបានគូសបញ្ជាក់ពីទីតាំងសក្តានុពលសម្រាប់ការស្ទង់មតិនាពេលអនាគត។ ពួកគេក៏បានប្រទះឃើញប្រភេទសត្វសំខាន់ៗផ្សេងទៀតក្នុងការស្វែងរករបស់ពួកគេផងដែរ ដូចជាសត្វកុកពាក់អំបោះ ៣ក្បាល និងសត្វស្វាព្រាម ៨ក្បាល ព្រមទាំងសត្វជ្រូកព្រៃផងដែរ។ ក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទសត្វស្លាបកម្រ និងជិតផុតពូជបំផុតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សត្វត្មាតមានតួនាទីសំខាន់ក្នុងការជួយរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាត។ ពេលណាមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វនោះ សម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្ការមិនឱ្យមានរោគឆ្លងដល់មនុស្ស និងសត្វ៕
ដោយ៖ ដេប៉ូ





