ក្រុមប្រឹក្សាខេត្តកែបបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤
AKP កែប ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកែប កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តផងដែរ។

ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍសមិទ្ធផលរបស់ខេត្ត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីក្នុងខេត្តកែបទាំងមូល រហូតទទួលបានប្រសិទ្ធផល និងទទួលបានជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានដាក់ជូនរបៀបវារៈនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តចំនួន០៧ចំណុច ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តគឺ៖ ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ២- ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត។ ៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ សម្រាប់រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត។ ៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ឋផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី១ អាណត្តិទី៤។ ៥- សេចក្តីព្រាងរបាយការណ៍ស្ដីពីសកម្មភាពសំខាន់ៗដែលបានអនុវត្តដោយគណៈអភិបាលខេត្តក្នុង ចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៧ ដល់កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។ ៦- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ឋផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត និង៧-បញ្ហាផ្សេងៗ។

ដើម្បីឱ្យការអនុវត្តបន្តរបស់មន្ទីរអង្គភាពដែលចំណុះឱ្យរដ្ឋបាលខេត្តកែបកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែម ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានដាក់ចេញនូវទិសដៅសំខាន់ចំនួន៨ចំណុច៖ ១- ចុះពិនិត្យការបង្កបង្កើនផល ការគ្រប់គ្រង និងប្រើប្រាស់ទឹកស្រោចស្រពដំណាំដាំដុះរបស់ប្រជាកសិករ។ ២- អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងអង្គភាពពាក់ព័ន្ធត្រូវពិនិត្យមើល និងរុះរើចេញនូវផ្ទាំងផ្សព្វផ្សាយ ល្បែង និងស្រាបៀរគ្រប់ទម្រង់ដែលបំពាក់លើដងផ្លូវសាធារណៈ។ ៣- អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ពិសេសតាមផ្លូវសំខាន់ៗ និងក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ។ ៤- សូមឱ្យក្រុមការងារអនាម័យខិតខំជំរុញលើការគ្រប់គ្រងកាកសំណល់អោយបានទាន់ពេលវេលា និងល្អប្រសើរ។ ៥- សូមឱ្យយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងអោយខានតែបានដែលបង្ករអសន្តិសុខដល់សង្គម និងនៅមូលដ្ឋាន។ ៦- ត្រូវទប់ស្កាត់អោយបានម៉ឺងម៉ាត់នៅរាល់បញ្ហាអស្ថេរភាពសង្គម ពិសេសការចែកចាយ និងការជួនដូរគ្រឿងញៀន អោយបានល្អប្រសើរនៅក្នុងមូលដ្ឋាន។ ៧- ជំរុញការបង្ការទប់ស្កាត់អោយបានជាអតិបរិមានូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ៨- សូមឱ្យមន្ទីរអង្គភាពទាំងអស់ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ៕
ដោយ ប្រាក់ លាង





