ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាជននៅមណ្ឌលសុខភាពកំបូល
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាជន នៅមណ្ឌលសុខភាពកំបូល រាជធានីភ្នំពេញ ដោយមិនជូនដំណឹងជាមុន នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងដំណើរចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពកំបូល បុគ្គលិកមកបំពេញការងារគ្រប់ៗគ្នា និងប្រជាពលរដ្ឋមកប្រើប្រាស់សេវាច្រើន។ មណ្ឌលសុខភាព មានផ្តល់សេវា ពិនិត្យជំងឺទូទៅ កុមារ មនុស្សធំ លាងរបួស វះកាត់តូច និងសម្ភព ព្រមទាំងសកម្មភាពចុះសិក្សាស្រាវជ្រាវរបស់អង្គការដៃគូ ពិនិត្យវាយតម្លៃគុណភាព និងការបម្រើសេវាជូនប្រជាជន នៅក្នុងតំបន់ រោងចក្រ សហគ្រាស និងបានសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងទទួលបានព័ត៌មានត្រឡប់ ដែលបានសម្ដែងការពេញចិត្តចំពោះការបម្រើសេវាប្រកបដោយគុណភាព យកចិត្តទុកដាក់ បុគ្គលិករួសរាយរាក់ទាក់ និងឥរិយាបថល្អ។


ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណដល់បុគ្គលិកនៃមណ្ឌលសុខភាព ដែលបានលះបង់កម្លាំងកាយ និងបានណែនាំឱ្យបន្តខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាជននៅក្នុងមូលដ្ឋាន ដោយត្រូវបង្កើនកិច្ចសហការ ជាមួយមណ្ឌលសុខភាពជុំវិញ និងមន្ទីរពេទ្យដែលត្រូវបញ្ជូនអ្នកជំងឺបន្ត និងបានណែនាំដល់ មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់បម្រើសេវាថែទាំសុខភាពជូនប្រជាជន ប្រកបដោយសេចក្តីអាណិតស្រឡាញ់ ក្តីមេត្តាករុណា និងត្រូវពង្រឹងសមត្ថភាពបន្ថែម កសាងទំនុកចិត្ត ភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរលើគោលជំហរ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងនិរន្តរភាព៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





