មន្ទីរបរិស្ថានខេត្តកណ្ដាលរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភៈ
AKP កណ្ដាល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥--
មន្ទីរបរិស្ថានខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភ: ក្រោមប្រធានបទ "ការពារតំបន់ដីសើម ដើម្បីអនាគតរបស់យើង" ក្រោមអធិបតីភាព លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកជ្រូក ភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ឯកឧត្តម សុខខេង នវិន្ទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី០២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ ដែលស្របទៅនឹងកម្មវិធីបរិស្ថានសហប្រជាជាតិ មានប្រទេសសមាជិកជាច្រើនតែងបានប្រារព្ធទិវានេះ នៅថ្ងៃទី០២ កុម្ភៈ ក្នុងគោលបំណងដ៏សំខាន់លើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម មានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំងចលនាប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្តារ និងអភិរក្សតំបន់ដីសើមនៅកម្ពុជា ជាពិសេស ធនធានដែលមាននៅក្នុង និងជុំវិញតំបន់ដីសើម និងកែប្រែផ្នត់គំនិត ឥរិយាបថ របស់ប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់បរិស្ថាន មានស្មារតីទទួលខុសត្រូវក្នុងការចូលរួម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅ និងអភិវឌ្ឍន៍ដោយចីរភាព។

ដោយមើលឃើញពីភាពចាំបាច់ ក្នុងការរួមចំណែកការពារ អភិរក្ស និងការប្រើប្រាស់តំបន់ដីសើម ធនធានជាច្រើននៃតំបន់ដីសើម ជាពិសេស សត្វស្លាបទឹក រាជរដ្ឋាភិបាលកម្ពុជា ក៏បានក្លាយជាសមាជិកពេញ សិទ្ធនៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមាន តំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង ទី១) តំបន់រ៉ាមសារកោះកាពិ ទី២)តំបន់រ៉ាមសារ ព្រែកទាល់ ទី៣) តំបន់រ៉ាមសារស្ទឹងសែន ទី៤) តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងទី៥) តំបន់រ៉ាមសារស្ទឹង ត្រែង។

លោក គ្រុយ ម៉ាឡែន បានមានប្រសាសន៍ថា តំបន់ដីសើមទាំងនេះមាននៅជុំវិញយើង ហើយជាទីដែលយើងបានពឹងពាក់ និងប្រើប្រាស់ ក្នុងជីវភាពរស់នៅសព្វថ្ងៃ ដូចជា ទីវាលទំនាប អាងស្តុកទឹកធម្មជាតិ បឹងបួរ អូរ ប្រឡាយ ទំនប់ ព្រែក ជ្រោះ ស្ទឹង ទន្លេ ថ្លុក ត្រពាំង ស្រះ ឆ្នេរសមុទ្រ។ល។ ដែលបានផ្តល់ផលប្រយោជន៍ ដ៏មហិមាដល់យើងទាំងអស់គ្នា ដូចជាការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងលំនៅឋាន អាជីវកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ការស្តុកទឹកទុក និងកាត់បន្ថយឥទ្ធិពលនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជារនាំងការពារព្យុះ និងការពារពីការបំផ្លិចបំផ្លាញនៃគ្រោះធម្មជាតិ ផ្តល់ផលត្រី និងធនធានជលផល ជាប្រភពចំណីអាហារ សត្វព្រៃ និងសត្វស្លាបទឹកផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរដល់អ្នកដែលបានចូលរួមទាំងអស់គ្នាត្រូវចូលរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅ អំពីទិវា តំបន់ដីសើមអន្តរជាតិ២កុម្ភៈ ឱ្យបានស៊ីជម្រៅផុលផុស ដើម្បីលើកស្ទួយដល់កិច្ចការពារ អភិរក្ស អភិវឌ្ឍន៍ ធនធានតំបន់ ដីសើមប្រកបដោយនិរន្តរភាពបរិស្ថាន ឱ្យក្លាយទៅជាទម្លាប់សាមញ្ញក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





