ផ្លូវក្រាលដីល្បាយគ្រួសចំនួន០១ខ្សែតភ្ជាប់ពីស្រុកក្រឡាញ់ ទៅស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានជួសជុលឡើងវិញ
AKP សៀមរាប ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥--
អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយគ្រួសចំនួន០១ខ្សែ ប្រវែង ៥,៣៦៩ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូប្រអប់ចំនួន៣កន្លែង និងលូមូលចំនួន៧កន្លែង ដោយចាប់ពីភូមិព្រៃខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ ភ្ជាប់ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្តល់តាមរយៈគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ផ្លូវ១ខ្សែនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រៃខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ និងភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ព្រោះបច្ចុប្បន្ននេះ ពួកគាត់បានជួបនូវផលពិបាកខ្លាំងក្នុងការធ្វើដំណើរមកទទួលសេវានានា ជាពិសេសអ្នកមានជំងឺ និងស្ត្រីមានផ្ទៃពោះ មកពិនិត្យ និងសម្រាលកូននៅមណ្ឌលសុខភាព ពិបាកក្នុងការដឹកកសិផលមកកាន់ទីផ្សារ សិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀន។ ហើយនៅពេលផ្លូវនេះបានធ្វើរួចរាល់ នឹងជួយសម្រួលបានច្រើនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ ហើយក៏ជួយសម្រួល និងបង្រួមគម្លាតផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា សមទ្ធិផលជាច្រើនត្រូវបានស្ថាបនា និងកសាងឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មិនត្រឹមតែក្នុងទីក្រុង និងទីប្រជុំជនប៉ុណ្ណោះទេ តំបន់ជនបទក៏ទទួលបាននូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវជនបទ បានផ្លាស់ប្តូរទៅជាផ្លូវកៅស៊ូពីរជាន់ ផ្លូវបេតុង និងផ្លូវល្បាយក្រួស ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាពាសពេញផ្ទៃប្រទេស ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដល់ដោយប្រការណាមួយក្នុងអំឡុងពេលក្រុមការងារកំពុងចុះអនុវត្តការងារផងដែរ៕
ដោយ ឃុត សៅ





