រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងបើករយៈពេល២ថ្ងៃទទួលបានការគាំទ្រច្រើនពីភ្ញៀវជាតិ អន្ដរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥--
ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល២ថ្ងៃកន្លងមកគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨៖០០នាទី រហូតដល់ម៉ោង ២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ ទទួលបានការគាំទ្រច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត ដោយសំណូមពរឱ្យអាជ្ញាធរបន្ដគម្រោងនេះរហូត។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ថា ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បងនេះ ទទួលបានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តច្រើន។ បើប្រៀបធៀបនៅថ្ងៃទី០១ ការបើកឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) សម្រាប់ថ្ងៃទី២ គឺមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តច្រើនជាង។ នេះបង្ហាញឱ្យឃើញពីសន្ទស្សន៍កើនឡើងហើយ។ យើងសង្ឃឹមថា ក្រោយពីយើងធ្វើការកែសម្រួលជាបន្តបន្ទាប់ទៀត ដូចជាការរៀបចំស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យបុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មជាដើមនោះ កំណើតប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិនឹងកើនឡើងច្រើនជាងនេះទៀត។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភ្ញៀវជាតិ និងអន្តរជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅជាប់ទីតាំងនេះ បានចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរបានយ៉ាងល្អ ដែលនឹងធ្វើឱ្យគម្រោងបើកផ្លូវថ្មើរជើង (walk street) ទទួលបាននូវភាពជោគជ័យ។ ចំពោះប្រជាពលរដ្ឋដែលពួកគាត់ទៅដើរកម្សាន្តនៅផ្លូវថ្មើរជើងនិយាយថា គម្រោងនេះល្អ ពួកគាត់គាំទ្រពេញទំហឹង។

សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street) ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨៖០០នាទី រហូតដល់ម៉ោង ២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕
ដោយ សួស សំរិត





