មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
AKP កំពង់ធំ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥--
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីសភាពការជាតិ-អន្តរជាតិ សភាពការណ៍ក្នុងតំបន់និងដំណើរការប្រកបដោយជោគជ័យក្នុងការបម្រើជាតិ និងប្រជាជនរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំប្រកបដោយភាពស្វាហាប់ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ការកសាងសមិទ្ធផលជាច្រើនបម្រើឱ្យសង្គមជាតិដូចជាការកសាងស្ថាបនាព្រែកជីកហ្វូណនតេជោ ការកសាងប្រព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន ការស្ថាបនាស្ពាន ផ្លូវ នៅទូទាំងប្រទេស និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាជនក្នុងជីវភាពប្រចាំថ្ងៃនៅតាមមូលដ្ឋាននានាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនមានជាអាទិ៍ការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ពិសេសទប់ស្កាត់បានទាំងស្រុងការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ឋទទួលបានជោគជ័យ។ ជាមួយគ្នានោះបានយកចិត្តទកដាក់ក្នុងការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងការបម្រើដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាមមូលដ្ឋាននានាទទួលបាននូវការគាំទ្រពីមហាជនទូទៅ និងការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តគ្រប់គ្រង ពង្រឹងកងកម្លាំង គោរវិន័យសណ្តាប់ធ្នាប់ ។ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។ ក្នុងនោះយោធិនគ្រប់រូបត្រូវលះបង់ដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ទោះបីក្នុងតម្លៃណាក៏ដោយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព និងចូលរួមអនុវត្តឱ្យបានជោគជ័យតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





