ឯកឧត្ដម គង់ ពុទ្ធិការ ចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលរកឃើញថ្មីនៅរមណីយដ្ឋានប្រាសាទព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរគឺ ភូមិបង្គោលប្រាំបី និង ភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ។

ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច ឯកឧត្ដមអគ្គនាយក បានផ្ដល់អនុសាសន៍ឱ្យមន្រ្ដីបច្ចេកទេសបន្ដស្រាវជ្រាវរកស្ថានីយបុរាណវិទ្យាបន្ថែមទៀតដែលស្ថិតនៅក្នុងតំបន់ការពាររបស់អាជ្ញាធរជាតិព្រះវិហារ និងយកចិត្ដទុកដាក់លើការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង។

សូមបញ្ជាក់ថា ក្រោយពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីទាំង២រួចមក ឯកឧត្តមក៏បានពិនិត្យនោះពិនិត្យពីវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានប្រាសាទព្រះវិហារផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





