ក្នុងចំណោមសត្វត្រយងចង្កំក-ស ១០០០ ក្បាលដែលមាននៅលើភពផែនដី គឺ៨៧ ទៅ៩៥ភាគរយ រស់នៅក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥-- សត្វត្រយងចង្កំក-សមានប្រមាណ១ ០០០ ក្បាលប៉ុណ្ណោះដែលនៅសល់ក្នុងពិភពលោក។ សត្វត្រយងចង្កំក-ស ត្រូវបានគេហៅថាជាសត្វស្លាបទឹកដែលទទួលរងគំរាមកំហែងច្រើននៅអាស៊ីអាគ្នេយ៍។ នេះបើតាមការឱ្យដឹងពីអង្គការ WWF នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥។

ប្រទេសកម្ពុជាគឺជាទីជម្រកដ៏មានសារៈសំខាន់របស់ពិភពលោកសម្រាប់ប្រភេទសត្វដែលមានចំនួនប្រមាណ ៨៧-៩៥ភាគរយនៃចំនួនជាសកល។ តាមរយៈការផ្សព្វផ្សាយអប់រំ អង្គការ WWF កម្ពុជា កំពុងធ្វើការជាមួយសហគមន៍ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ដើម្បីកៀរគរប្រធានសហគមន៍ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្រាប់ការអភិរក្សសត្វស្លាប។ គ្រាន់តែក្នុងខែកុម្ភ: ឆ្នាំ២០២៥នេះ អង្គការ WWF បានចូលរួមជាមួយសមាជិកសហគមន៍ជាង៣០០ នាក់ នៅក្នុងឃុំអូរក្រាំង ខេត្តក្រចេះ ផ្សព្វផ្សាយអំពីសារៈសំខាន់នៃសត្វព្រៃ រួមទាំងសត្វត្រយងចង្កំក-សផងដែរ។

តើអ្នកអាចចូលរួម ដើម្បីជួយសង្គ្រោះប្រភេទសត្វស្លាបជិតផុតពូជដោយនិយាយថាទេចំពោះការកាប់ឈើខុសច្បាប់ ការបរបាញ់ និងការជួញដូរសត្វព្រៃដែរឬទេ?៕

ដោយ ណយ នឿន (ប្រភព៖ WWF)





