ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបី ភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅរៀងរាល់ចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែររាប់រយនាក់ បានចាកចេញពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាដោយរថយន្តគ្រួសារ រថយន្តឈ្នួល ឬម៉ូតូ ដើម្បីធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរខ្នងផ្សារដោយចំណាយពេលតែ១ម៉ោង ៣០នាទី ទៅ២ម៉ោង នឹងទៅដល់គោលដៅ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបី ភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ទេសភាពព្រៃព្រឹក្សា អមទៅដោយសំឡេងសត្វបក្សាបក្សី បានធ្វើឱ្យភ្ញៀវទេសចរដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ រសាយអស់ជាមួយបរិយាកាសធម្មជាតិ។ ខ្យល់បក់ប៉ះរាងកាយសម្លឹងមើលទៅឆ្ងាយបន្តិច ពពកហោះកាត់ព្រៃយ៉ាងក្រាស់ ជារសជាតិថ្មីមួយ រហូតត្រូវបានទេសចរដែលបានទៅកម្សាន្តប្រសិទ្ធនាមថា «ឋានសួគ៌ក្រោមមេឃ»។ ភ្ញៀវទេសចរអាចគយគន់មើលវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។

ដើម្បីឡើងខ្នងផ្សារ គឺត្រូវស្រង់ឈ្មោះអ្នកឡើងភ្នំនៅស្នាក់ការបរិស្ថាន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវឱ្យប្រជាសហគមន៍ទៅជាមួយ ដើម្បីមើលការខុសត្រូវ ការពារ ជួយស្ពាយឥវ៉ាន់ និងដាំស្លឱ្យយើងញ៉ាំផងដែរ។ ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដើរដោយថ្មើរជើងឡើងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួលចំណោត ប៉ុន្តែបើឥវ៉ាន់មិនសូវធ្ងន់គឺល្អបំផុត។ សម្រាប់អ្នកដើរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ៣ម៉ោង ឬលើសពីនេះ។ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វើដំណើរ នៅខែវស្សា យើងអាចច្រកទឹកសម្រាប់ញ៉ាំតាមផ្លូវបាន តែគួរមានឧបករណ៍ចម្រោះទឹក ឬដាំទឹកតាមផ្លូវ។ សម្រាប់ការសម្រាកនៅលើកំពូលភ្នំ យើងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជម្រៀបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។ ប៉ុន្តែប្រសិនបើបងប្អូនមិនមានឧបករណ៍នោះទេ អាចទាក់ទងប្រជាសហគមន៍បានដោយក្នុងមួយតង់តម្លៃ ៤ ម៉ឺនរៀលតែប៉ុណ្ណោះ និងអាចគេងបាន២-៣ នាក់ផងដែរ។

សម្រាប់អាហារ យើងត្រូវត្រៀមអាហារក្រៀមៗទុកបានយូរ និងមានទម្ងន់ស្រាល ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកសម្រាប់ដាំស្ល ឬបរិភោគ មិនចោទជាបញ្ហាទេ ដោយសារនៅទីនោះមានទឹកគ្រប់គ្រាន់អាចប្រើប្រាស់បាន។

នៅទីនោះក៏មានបន្ទប់ទឹក និងបង្គន់អនាម័យផងដែរ ដូច្នេះការបន្ទោរបង់ និងងូតទឹកសម្អាតខ្លួនលែងជាបញ្ហាធំទៀតហើយ។
លោកប្រធានមន្ទីរបានមានប្រសាសន៍បន្តថា ដើម្បីធ្វើដំណើរទៅកាន់ទីនោះ យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យើងនឹងដល់រង្វង់មូលផ្សារកន្ទួត រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំ ប្រមាណ៣៥គីឡូម៉ែត្រ ដោយជិះកាត់តេទឹកពុះ និងទំនប់តាសាល យើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាមាត់ច្រកដែលជិតជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារ៕

ដោយ លឹម សាន្ត





