លោកជំទាវ គីម សុភ័ក្ភ្រ ម៉ាង ស៊ីណេត នាំយកអំណោយចែកជូនចាស់ជរា និងអ្នកគ្នានទីពឹងនៅស្រុកកំពង់សីលា
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ គីម សុភ័ក្ភ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដឹកនាំសមាគមនារីសាខាខេត្តព្រះសីហនុ អញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា និងអ្នកគ្មានទីពឹងចំនួន៤០គ្រួសារ នៅក្នុងឃុំទាំង៤នៃស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយសបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក៏ដូចជាឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជានិច្ចកាលលោកតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយមានកូនច្រើន ក្មេងកំព្រាដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ជាពិសេសដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋចំនួន៤០គ្រួសារ ក្នុងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌យកមកផ្ដល់ជូននាពេលនេះ។

ចំពោះអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះអាចជួយសម្រាលនូវទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់ ស្លាប់ដោយដាច់ស្បៀងអាហារ ឬខ្វះការយកចិត្តទុកដាក់ឡើយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តការដឹកនាំធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើន ពិសេសបានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់នានាឱ្យកាន់តែប្រសើរឡើងទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើគ្រប់វិស័យ។

លោកជំទាវបានបន្តថា ដោយមានការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍លើគ្រប់វិស័យ មិនតែប៉ុណ្ណោះសម្តេចបានគាំទ្រ និងលើកកម្ពស់សកម្មភាពការងាររដ្ឋបាល ការងារមនុស្សធម៌ ការដោះស្រាយនូវសំណូមពរនានានៅមូលដ្ឋាន ដើម្បីធានាឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

អំណោយដែលបាននាំយកទៅចែកជូនចាស់ជរា និងអ្នកគ្មានទីពឹងនៅស្រុកកំពង់សីលាចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេសតូច ត្រីខចំនួន១យួរ ទឹកត្រីចំនួន១យួរ កន្ទេលចំនួន១ ក្រម៉ាចំនួន១ សារ៉ុងចំនួន១ នំពារចំនួន២ប្រអប់ ព្រមទាំងថវិកាចំនួន១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





