ឯកឧត្ដម គួច ចំរើន ចុះពិនិត្យទីតាំងកាបូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ បីឃុំក្នុង ស្រុកស្អាង
AKP កណ្ដាល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកប្រឈមក្នុងការខ្វះទឹកស្រោចស្រព ស្ថិតក្នុងឃុំចំនួន៣ រួមមាន ឃុំព្រែកអំបិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងក្រុមការងារ បានធ្វើការចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូកទឹកចំនួន០១ ស្ថិតនៅព្រែកប៉ាង ព្រមទាំងពិនិត្យការកាយស្ដារដើម្បីសម្រួលលំហូរទឹក ចូលដល់ប្រឡាយរបស់ប្រជាកសិករ ស្ថិតនៅ ឃុំកោះខែល ព្រមទាំងបន្តពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹកចំនួន០២ គ្រឿង នៅព្រែកអ៊ុំ និងទីតាំងម៉ាស៊ីនបូមទឹកចំនួន០៣ គ្រឿង ស្ថិតនៅស្ទឹងកូនជ្រែ ក្នុងឃុំព្រែកអំបិល និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ និងប្រព័ន្ធប្រឡាយនានាក្នុងឃុំទាំងបី រួមមានឃុំក្រាំងយ៉ូវ ឃុំកោះខែល និងឃុំព្រែកអំបិល ដែលកន្លងមកជួបការប្រឈមនឹងការខ្វះខាតទឹក។

ជាក់ស្ដែងបន្ទាប់ពីបានទទួលការអន្តរាគមន៍ដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាក់ស្ដែងនៅតាមប្រឡាយនានា ព្រមទាំងប្រឡាយអន្តរឃុំ មានទឹកសម្រាប់ឱ្យប្រជាកសិករបូមស្រោចស្រពស្រែប្រាំងរបស់ពួកគាត់ក្នុងរដូវប្រាំងនេះ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអ់ឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការណែនាំដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តង ក្នុងវស្សានេះពីព្រោះបើសិនជាបងប្អូនប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ ផឹក និងបរិភោគផងដែរ។ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវរបស់ប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រាព ហើយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិករខូចខាតដោយការខ្វះខាតទឹកស្រោចស្រពនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។
លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា ទូទាំងខេត្តកណ្ដាលមានផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ៥ ០០០ហិតា ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រព។ ក្នុងនោះស្រុកស្អាង មានផ្ទៃដីស្រែប្រាំងប្រមាណ ជាង ២ ០០០ហិកតា ផងដែរដែលប្រឈមក្នុងការខ្វះការទឹកស្រោចស្រព។ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដោយគិតមកដល់ពេលនេះ មិនទាន់មានស្រូវប្រាំងរបស់ប្រជាពលរដ្ឋមួយគ្រួសារណាក្នុងខេត្តកណ្ដាល រងការខូចខាតដោយខ្វះខាតទឹកស្រោចស្រពឡើយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





