រដ្ឋបាលខេត្តកណ្តាលចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ យោងតាមសេចក្តីជូនដំណឹងរបស់តដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី២កុម្ភៈឆ្នាំ២០២៥បាកលើកឡើងថារដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមាន ភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារ សកម្មភាព របស់មនុស្សផ្ទាល់។

រដ្ឋបាលខេត្តកណ្តាល បានកត់សម្គាល់ឃើញថាភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យ មានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ធនធានធម្មជាតិ និងឈានដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។
រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការដូចខាងក្រោម៖
១-ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងសម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ។
២-ហាមឃាត់ជាដាច់ខាតនូវការផុតសំរាម សំណល់រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាល ផុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំងនៅទីចំហឬក្នុងដីកម្មសិទ្ធិឯកជន។
៣-ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃក្រោមគោល បំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់អាជ្ញាធរដែល ជាសមត្ថកិច្ចដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាព ចំពោះភ្លើងឆេះព្រៃ។
៤-ក្នុងករណី កើតមានភ្លើងឆេះព្រៃត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវដឹកនាំបញ្ជាផ្ទាល់ ដើម្បី រួមគ្នាទប់ស្កាត់និង ពន្លត់ភ្លើងឱ្យមានប្រសិទ្ធភាព។
យោងអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់មាត្រា៤៣ បានចែងថា បុគ្គលទាំងឡាយណាដែលបានបង្កឱ្យមានការឆាបឆេះ កើតឡើងគ្រប់រូបភាពដែលអាជ្ញាធរបានហាមឃាត់ដូចមានចែងក្នុងចំណុចខាងលើត្រូវទទួលការពិន័យ អន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖
ចំនួន ៥០.០០០ (ប្រាំម៉ឺន) រៀល ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ និងត្រូវប្រមូលសំអាត។
ចំនួន ១០០.០០០ (មួយសែន) រៀល ចំពោះម្ចាស់លំនៅឋាន អ្នកលក់ដូរតាមដងផ្លូវ ឬលើទីសាធារណៈ និងត្រូវប្រមូលសំអាត។
ចំនួន ២០០.០០០ (ពីរសែន) រៀល ចំពោះទីផ្សារ ភោជនីយដ្ឋាន ទីកំសាន្ត អាជីវកម្ម សេវាកម្ម សិប្បកម្ម និងត្រូវទទួលខុសត្រូវលើ ការប្រមូលសំអាត។
ចំនួន ១.០០០.០០០ (មួយលាន) រៀលចំពោះរោងចក្រសហគ្រាស ក្រុមហ៊ុន និងត្រូវ ទទួលខុសត្រូវលើការប្រមូលសំអាត។ក្នុងករណីមិនរាងចាលត្រូវ ទទួលការពិន័យ អន្តរការណ៍ជាប្រាក់ទ្វេដង នៃប្រាក់ពិន័យអន្តរការណ៍លើកមុន។
រដ្ឋបាលខេត្តកណ្តាល មានជំនឿ និងជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនិង អ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការការពារបង្ការ ទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតស្មៅ ដុតសំរាម សំណល់រឹងគ្រប់ប្រភេទ និងត្រូវសហការយ៉ាងជិតស្និទជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកប ដោយប្រសិទ្ធភាព៕
ដោយ៖ ប៊ុនរិទ្ធ





