ការសម្អាតប្រេងដែលអណ្តែតនៅឆ្នេរព្រែកត្រែងសម្រេចបាន៩០ភាគរយ និងគ្រោងបិទបញ្ចប់នៅពេលខ្លីខាងមុខ
AKP ព្រះសីហនុ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចុះពិនិត្យ ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា គិតមកត្រឹមល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកកកំណកប្រេងនៅតាមបណ្តោយឆ្នេរ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយការចូលរួមពីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អ្នកអនាម័យ និងបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ ទទួលបានលទ្ធផលប្រមាណ៩០ភាគរយហើយ ដោយឡែកចំពោះកាកសំណល់ប្រេងដែលនៅសេសសល់ក្រុមការងារនឹងខិតខំបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តព្រះសីហនុសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកម្សាន្តនៅឆ្នេរព្រែកត្រែង អាចលេងនៅលើឆ្នេរខ្សាច់បានជាធម្មតា ក៏ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឱ្យក្រុមការងាររបស់យើងធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗណាមួយ៕
ដោយ ងូ សុមុនី





