ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ -- ដោយទទួលបទបញ្ជាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះពិនិត្យស្ថានភាពផ្លូវដីសដែលពិបាកក្នុងការធ្វើដំណើរចំនួន២កន្លែង និងស្ពាន១កន្លែងដែលប្រជាពលរដ្ឋបានស្នើសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺពីផ្លូវក្រាលដីសប្រែក្លាយទៅជាផ្លូវក្រាលក្រហម១ខ្សែក្នុងនៅឃុំឈូក និងផ្លូវក្រាលគ្រួសក្រហម២ខ្សែនៅឃុំគោល និងស្ពានបេតុង១កន្លែង នៅឃុំស្រើង ឆ្លងទៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីជួយសម្រួលផ្លូវ និងស្ពាន ដែលមានការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការដោះស្រាយឱ្យបានទាន់ពេលវេលាក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសូមឱ្យសហគមន៍ស្វាយចន្ទីត្រូវយកចិត្តទុកដាក់ថែទាំស្វាយចន្ទីព្រោះផ្លែស្វាយចន្ទីកំពុងតែនាំចេញជាច្រើនតោនទៅលើទីផ្សារជាតិ និងអន្តរជាតិព្រមទាំងកោតសរសើរដល់សហគមន៍ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៧០ភាគរយ និងគ្រាប់ស្វាយចន្ទីស្ងួត៣០ភាគរយ ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥ភាគរយ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋទាំង៤ឃុំ ក្នុងស្រុកប្រាសាទសំបូរ បានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះជួយដោះស្រាយរាល់ទុក្ខលំបាកក្នុងមូលដ្ឋានដល់ពួកគាត់បានទាន់ពេលវេលាដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ថា សម្រាប់ផ្លូវដែលត្រូវសាងសង់ក្រាលគ្រួសក្រហមមានប្រវែងជាង១៣គីឡូម៉ែត្រ ស្ថិតនៅភូមិវាលវែង ឃុំឈូក សាងសាងផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង៣គីឡូម៉ែត្រដើម្បីផុតពីទឹកជំនន់ ស្ថិតនៅក្នុងភូមិបាក់ស្រី ឃុំគោលដែលកសាងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំនិងកសាងស្ពានបេតុង១កន្លែងប្រវែង៥០ម៉ែត្រស្ថិតនៅភូមិជាំបឹងឃុំស្រើងឆ្លងទៅភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា





