សហគមន៍ព្រៃឈើត្រពាំងល្ពាក់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍ព្រៃឈើប្រចាំឆ្នាំ២០២៤និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៥
AKP កំពង់ធំ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ -- កន្លងទៅថ្មីៗនេះនៅសហគមន៍ព្រៃឈើត្រពាំងល្ពាក់បានរៀចចំសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅសម្រប់អនុវត្តបន្តឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ខោ សុចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ លោក ឈឹង ញ៉េប មេឃុំនីពេជ លោកស៊ឹម ប៊ុនធឿន នាយកអង្កការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ អាចារ្យ គណៈកម្មការសហគមន៍ព្រៃឈើ សមាជិក សមាជិកាសរុប ចំនួន៧៣នាក់ (ស្រី៤២នាក់) ស្ថិតនៅភូមិនីពេជ"ខ" ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ បានបញ្ជាក់ថាសន្និបាតបានផ្ដោតទៅលើរបាយការណ៍ស្ដីពីវឌ្ឍនភាពរបស់សហគមន៍ព្រៃដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៤ដែលអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EPCambodia) បានគាំទ្រគម្រោងបណ្ដុះបណ្ដាល កែច្នៃផលអនុផលព្រៃឈើ ដូចជាល្ពាក់ ផ្អាវ និងជួយរកទីផ្សារលក់ និងបានដឹកនាំគណៈកម្មការសហគមន៍ចំនួន១នាក់ទៅទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅប្រទេសឥណ្ឌូនេស៊ី និង៣នាក់ទៀតទៅទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅប្រទេសវៀតណាម។ ចំពោះអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានគាំទ្រគម្រោងជួសជុលផ្លូវលំដីស សាងសង់ទ្រុងជ្រូកព្រៃ និងបណ្ដុះបណ្ដាលដល់ក្រុមកែច្នៃផលអនុផលព្រៃឈើនិងទិសដៅអនុវត្តបន្តឆ្នាំ២០២៥។ គណៈកម្មការសហគមន៍ព្រៃឈើ និងសមាជិកបានរៀបចំផែនការយុទ្ធសាស្ត្រ ស្របតាមកម្មវិធីនិនិយោគឃុំ៣ឆ្នាំរំកិល២០២៥ ដល់២០២៧ ចំនួន២១សកម្មភាព ដើម្បីរួមគ្នាអភិវឌ្ឍនិងការពារព្រៃឈើក្នុងសហគមន៍ឱ្យមានរីកចម្រើន។

លោក ខោ សុចិត្រា បានមានប្រសាសន៍ថាការរៀបចំសន្និបាតគឺដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនានាដែលសម្រេចបាននៅពេលនេះគឺជាការខិតខំប្រឹងប្រែងរបស់បងប្អូនយើងទាំងអស់គ្នានិងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការចូលរួមការពារព្រៃសហគមន៍របស់យើងឱ្យបានគង់វង្ស ចាប់ពីពេលនេះទៅបើមានជនណានាំគ្នាកាប់បំផ្លាញ ឬកាប់រានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ជំនាញរដ្ឋបាលព្រៃឈើនិងរៀបចំកសាងសំណុំរឿងតាមនីតិវិធីផ្លូវច្បាប់។

លោក ស៊ឹម ប៊ុនធឿន នាយកអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTFP-EP Cambodia) បានលើកឡើងថា អង្គការរបស់លោកបានចាប់ដៃគូអភិវឌ្ឍន៍ ជាមួយសហគមន៍ព្រៃឈើត្រពាំងល្ពាក់នៅក្នុងឆ្នាំ២០២៤និងត្រូវចប់អាណត្តិនៅក្នុងខែមីនា ឆ្នាំ២០២៦ ដោយផ្ដោតទៅលើការកែច្នៃផលអនុផលព្រៃឈើ និងជួយរកទីផ្សារជូនសមាជិកសហគមន៍។ កន្លងមកនេះនៅសហគមន៍ព្រៃឈើត្រពាំងល្ពាក់ អង្គការ NTFP-EP បានបង្កើតក្រុមកែច្នៃផលអនុផលព្រៃឈើមាន២ក្រុម គឺក្រុមកែច្នៃល្ពាក់ និងក្រុមកែច្នៃផ្អាវ និងបានដឹកនាំគណៈកម្មការសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ទៅទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ការងារនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដើម្បីស្វែងយល់ពីកម្មភាពនិងការកែច្នៃផលអនុផលព្រៃឈើនៅប្រទសជិតខាងនិងបានជម្រាបជូន អំពីសក្ដានុពលរបស់សហគមន៍ព្រៃឈើត្រពាំងល្ពាក់ដែលកន្លងមកគណកម្មការសហគមន៍បានសហការល្អ ជាមួយអង្គការដៃគូនិងរដ្ឋបាលព្រៃឈើដាំកូនឈើឡើងវិញ ប្រភេទឈើក្រញូង ធ្នង់ កាស្យា បានចំនួន១១ហិកតា និងការពារព្រៃសហគមន៍ដែលមានស្រាប់បានល្អគួរឱ្យកត់សម្គាល់ សូមឱ្យបងប្អូនយើងចូលរួមបន្តការពារឱ្យបានគង់វង្សរហូត។
លោក ឈឹង ញ៉េប មេឃុំនីពេជ បានជម្រាបជូនពីសារៈប្រយោជន៍នៃព្រៃឈើ គឺដើម្បីធ្វើឱ្យមានលំនឹងអាកាសធាតុ ថែរក្សាអាកាសធាតុមិនឱ្យក្ដៅខ្លាំង មិនឱ្យត្រជាក់ខ្លាំង។ ផលិតផលដែលបានមកពីព្រៃឈើ គឺជាទំនិញដ៏ប្រសើរសម្រាប់ទីផ្សារអន្តរជាតិ ផ្ដល់នូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវរុក្ខផល សម្រាប់មនុស្សនិងសត្វ។ជាជីវចម្រុះទាក់ទាញទឹកភ្លៀង។ការកែច្នៃផលអនុផលព្រៃឈើ គឺដើម្បីបង្កើនមុខរបរ រកចំណូលប្រចាំថ្ងៃរបស់សមាជិកសហគមន៍ព្រៃឈើ។
លោកមេឃុំបានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយគាំទ្រម្រោងកន្លងមករហូតសព្វថ្ងៃនេះគឺមានរដ្ឋបាលព្រៃឈើស្រុក/ខេត្ត អង្គការដៃគូ (មានអង្គការរីខូហ្វ អង្គការអុកស្វាម អង្កការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) និងអាជ្ញាធរភូមិ/ឃុំ ប្រជាពលរដ្ឋ) ដែលបានជួយគាំទ្រកន្លងមកដើម្បីឱ្យសហគមន៍ព្រៃឈើត្រពាំងល្ពាក់ មានការរីកចម្រើនជាបន្តបន្ទាប់៕
ដោយ ស៊ុម វណ្ណា





