នាវាកងទ័ពជើងទឹកប្រទេសកាណាដា ១គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពកងទ័ពជើងទឹក
AKP ព្រះសីហនុ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាវាកងទ័ពជើងទឹកប្រទេសកាណាដាចំនួន១គ្រឿង មានឈ្មោះ HMCS OTTAWA - FFH 341 (Frigate. Helicopter) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ (ថ្ងៃទី០១-០៤ ខែកុម្ភៈ ឆ្នាំ២០២៥) ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ដោយមានការទទួលស្វាគមន៍ពីនាយ នាយរងមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Adriano Lozer មេបញ្ជាកានាវាកងទ័ពជើងទឹកប្រទេសកាណាដា HMCS Ottawa មានប្រសាសន៍ថា នេះជាការទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវការចូលចតរបស់នាវាកងទ័ពជើងទឹកប្រទេសកាណាដា និងក្រុមនាវិក នៃនាវាកងទ័ពជើងទឹកការណាដានៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាកចេញពីប្រទេសកាណាដាតាំងពីខែតុលា ឆ្នាំ២០២៤ ក្នុងបេសកកម្មនៅលើដែនទឹកអន្តរជាតិ ពិសេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបានលើកឡើងថា យើងបានធ្វើកិច្ចសហប្រតិបត្តិការក្រោមទង់អង្គការសហប្រជាជាតិក្នុងការគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ទន្ទឹមនោះយើងបានចូលរួមក្នុងប្រតិបត្តិការរបស់ប្រទេសបារាំងក្នុងការថែរក្សាដែនសមុទ្រឱ្យមានសេរីភាព ការពារនៃការប្រើប្រាស់ ដែនទឹករបស់ក្រុមឧក្រិដ្ឋជនខុសច្បាប់ យើងបានធ្វើការល្បាតជាមួយដៃគូរបស់យើងនៅក្នុងតំបន់ ដើម្បីលើកកម្ពស់សេរីភាព ក៏ដូចជាសន្តិភាព ការប្រើប្រាស់ផ្លូវទឹកអន្តរជាតិ។

លោកមេបញ្ជាការនាវា បានបន្តទៀតថា ប្រទេសកាណាដាជាប្រទេសមួយដែលមានដែនទឹកធំធេងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានដៃគូជាច្រើនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបេសកកម្មរបស់យើងក្នុងការល្បាត គឺដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូសហការ ពិសេសជាមួយប្រទេសជាមិត្តនៅក្នុងតំបន់។ ប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់មួយ ដើម្បីរក្សាស្ថេរភាពក្នុងតំបន់ ហើយថ្ងៃនេះយើងបានមកកាន់ប្រទេសកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ស្របពេលកិច្ចសហប្រតិបត្តិការចម្បងរបស់យើង នាយនាវិក និងពលនាវីរបស់យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយបានធ្វើការបម្រើ និងផ្តល់ជូនដល់សហគមន៍កម្ពុជាដែលនាវារបស់យើងបានចូលសំចតស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ស្ថានទូតកាណាដាបានរៀបចំកម្មវិធីជាច្រើនដែលអាចឱ្យយើងធ្វើការងារជាមួយសហគមន៍កម្ពុជានៅក្នុងផ្លូវវិជ្ជមាន។ ទន្ទឹមនោះមានកម្មវិធីជាច្រើនមានដូចជា ការលេងកីឡាមិត្តភាព កម្មវិធីម្ហួបអាហារ ការពិសារអាហារសាមគ្គីរួមគ្នា ក៏ដូចជាការហ្វឹកហ្វឺនជាមួយផ្នែកសន្តិសុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការហ្វឹកហ្វឺនរួមគ្នា ក៏ដូចជាដំណើរទស្សនកិច្ចវប្បធម៌ ការសន្ទនារួបរួមគ្នាផងដែរ អ្នកទាំងអស់គ្នានៅលើនាវាកងទ័ពជើងទឹកកាណាដា មានទឹកចិត្តសោមនស្សរីករាយនៃការចូលមកដល់ទីនេះ និងបានចូលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាការស្វែងយល់អំពីវប្បធម៌របស់កម្ពុជា និងធ្វើការបម្រោះជូនសហគមន៍កម្ពុជា។ យើងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា វត្តមានរបស់យើងនៅលើទឹកដីកម្ពុជា ផ្តល់ជូនសហគមន៍កម្ពុជាយ៉ាងពិតប្រាកដ និងមានផលវិជ្ជមានពីការស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរខេត្តព្រះសីហនុ និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ចំពោះពួកយើងខ្ញុំនាពេលនេះ។

លក្ខណៈបច្ចេកទេសនាវាកងទ័ពជើងទឹកកាណាដា HMCS OTTAWA - FFH 341 (Frigate. Helicopter) មានបណ្ដោយ ១៣៤.៧ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ជម្រៅទឹក៧.៥ ម៉ែត្រ ទម្ងន់ផ្ទុក ៥ ១០០តោន ល្បឿន ៣០knots និងឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿង។
សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកប្រទេសកាណាដាបានធ្វើការចូលចតប្រទេសមួយចំនួន មុននឹងមកដល់ប្រទេសកម្ពុជា មានដូចជា កូរ៉េខាងត្បូង ជប៉ុន កម្ពុជា និងបន្តទៅកាន់ប្រទេសហ្វីលីពីន និងកោះហ្គាំ៕
ដោយ ងូ សុមុនី





