អភិបាលខេត្តព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវកៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែងជាង២២គីឡូម៉ែត្រ នៅស្រុករវៀង
AKP ព្រះវិហារ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដោយមន្ត្រីជំនាញ អាជ្ញាធរស្រុក កាលពីរសៀលថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២៥ បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនា ផ្លូវកៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែង ២២,៧៥ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុករវៀង ខេត្តព្រះវិហារ ។

បើតាមរបាយការណ៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារបានឱ្យដឹងថា ផ្លូវចំនួន ៣ខ្សែនេះ គឺជាគម្រោង SAAMBAT ខេត្តព្រះវិហារ ដែលផ្លូវខ្សែទីមួយ តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅភូមិដូង ឃុំរីករាយ មានប្រវែង ១៣,៩៨គីឡូម៉ែត្រ សំណង់សល្បការ្យ លូមូល ១១កន្លែង លូប្រអប់ ១កន្លែង គិតមកដល់ពេលនេះសម្រេចបាន ៧០.៤៥%។ ផ្លូវខ្សែទីពីរ តភ្ជាប់ពីភូមិថ្នល់កែង ទៅភូមិស្រែធំ មានប្រវែង ៣.៧៥គីឡូម៉ែត្រ សំណង់សល្បការ្យ លូមូល ០៣កន្លែង គិតមកដល់ពេលសម្រេចបាន ៧១.៩៧% និងផ្លូវខ្សែទីបី តភ្ជាប់ពីភូមិត្នោតម្លូ ទៅភូមិបុះ មានប្រវែង ៥.០២គីឡូម៉ែត្រ សំណង់សិល្បការ្យ លូមូល ០៨កន្លែង លូប្រអប់ ០៤កន្លែង គិតមកដល់ពេលនេះសម្រេចបាន ៥៥.៩៨%។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ផ្លូវកៅស៊ូពីរជាន់ជាច្រើនខ្សែដល់ខេត្តព្រះវិហារ។

ឯកឧត្តមអភិបាលខេត្ដក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលការអនុវត្ត ឱ្យធ្វើការស្ថាបនាផ្លូវនេះ ត្រូវអនុវត្ដន៍ឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវបង្កើនស្លាកសញ្ញាចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ៕

ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





