បិទវគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មសំណង់ស៊ីវិល គម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់កិច្ចប្រតិបត្តិការរក្សាសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងលោកស្រី ម៉ាស៊ូហ្សាវ៉ា ភូម៉ូតូ នាយក នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ស្ត្រីដើម្បីសន្តិភាព និងសន្តិសុខ និងជានាយកផ្នែកបណ្តុះបណ្តាលធនធានមនុស្សក្រសួងការពារជាតិជប៉ុន ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មសំណង់ស៊ីវិល គម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់កិច្ចប្រតិបត្តិការរក្សាសន្តិភាព។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនលើផ្នែកបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្ស បម្រើឱ្យវិស័យរក្សាសន្តិភាពចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ពេលនេះអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងជប៉ុនពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងតំបន់នៃប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយតំណាងនៃប្រទេសទាំងពីរ ដែលចាប់តាំងពីពេលនោះមកក្រសួងការពារជាតិជប៉ុនបានបញ្ជូនកងស្វយ័តការពារជប៉ុនមកបង្វឹកដល់សិក្ខាកាមកម្ពុជាចំនួន១២វគ្គ ក្នុងនោះ១១វគ្គក្នុងប្រទេស និង១វគ្គក្រៅប្រទេសដែលមានសិក្ខាកាមចំនួន២៥២នាក់ បានទទួលនូវការអប់រំបណ្តុះបណ្តាលតាមដំណាក់កាលនៃជំនាញនីមួយៗជាបន្តបន្ទាប់ ក្នុងនោះដំណាក់កាលទី១ ចាប់ផ្តើមពីឆ្នាំ២០១៣ សិក្ខាកាមបានទទួលការបណ្តុះបណ្តាលលើជំនាញគ្រប់គ្រងការដ្ឋានសំណង់ ការសាងសង់ផ្លូវលំ ផ្លូវប៉េតុង ប្រព័ន្ធប្រឡាយរំដោះទឹកអមផ្លូវ ប្រព័ន្ធលូ និងរបៀបថែទាំហេដ្ឋារចនាសម្ព័ន្ធ និងមានដំណាក់កាលទី២ ទី៣ជាបន្តបន្ទាប់ ដោយភាគីជប៉ុនបានជួយបណ្តុះបណ្តាលលើមុខជំនាញបញ្ជា ប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ដូចជា នីវ៉ាញ័រ អ៊ុចស្កាវ៉ាទ័រ ប៊ុលដូហ្សរ៍ រ៉ូឡូ និងរថយន្តស្ទូចជាដើម ក្នុងនោះកាលពីឆ្នាំ២០២៣ ក្រុមយោធាចារ្យជប៉ុនបានជួយហ្វឹកហ្វឺនដល់សិក្ខាកាមចំនួន១៥នាក់លើជំនាញបញ្ហាប្រើប្រាស់គ្រឿងចក្រនីវ៉ាឌ័ររយៈពេល៤សប្តាហ៍ទទួលបានលទ្ធផលល្អប្រសើរ។ ដោយឡែក ឆ្នាំ២០២៤-២០២៥នេះ ក្រុមយោធាចារ្យជប៉ុនមានចំនួន១៦រូប (យោធាចារ្យនារី២រូប) បានលើកយកជំនាញវិស្វកម្មសំណង់ស៊ីវិលមកហ្វឹកហ្វឺន ដោយផ្តោតលើការបញ្ជាគ្រឿងចក្រធុនធ្ងន់ (អ៊ិចស្កាវ៉ាទ័រ) មានរយៈពេល៦សប្តាហ៍ចាប់ផ្តើមពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចំនួន៣០រូបក្នុងនោះសិក្ខាកាមនារីចំនួន៣រូប ដោយសិក្សាមេរៀនទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីលាន។

ក្នុងឱកាសនេះ លោកស្រី ម៉ាស៊ូហ្សាវ៉ា ភូម៉ូតូ បានចាត់ទុកវគ្គហ្វឹកហ្វឺនដែលបានបញ្ចប់នាពេលនេះថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កងកម្លាំងមួកខៀវកម្ពុជា ដើម្បីយកចំណេះជំនាញដែលបានហ្វឹកហ្វឺននេះទៅបម្រើវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងការងារវិស្វកម្មសំណង់ផ្ដេកប្រកបដោយសមត្ថភាព និងសុវត្តិភាព៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព)





