ឯកឧត្តម ហាស់ សារ៉េត អញ្ជើញចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងនៅខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង ដោយបានគូសបញ្ជាក់ថា ក្រុមការងារបានចុះអន្តរាគមន៍ និងពិនិត្យស្ថានីយបូមទឹក ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបូមចេញពីទន្លេតូចបញ្ចូលក្នុងប្រឡាយវៃគោ១ ឆ្លងកាត់ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បញ្ជូនឆ្ពោះមកស្រុកស៊ីធរកណ្តាល ស្រុកកញ្ច្រៀច ស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកមេសាង ខេត្តព្រៃវែង ដែលមានប្រវែងប្រមាណ៨០គីឡូម៉ែត្រ គិតចាប់ពីចំណុចស្ថានីយដើមទីនៃការបូមមកដល់ចុងទីនៃប្រឡាយឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង សរុបចំនួន៨៧៥៣ហិកតា។

ក្នុងឱកាសនោះ ឯកឧត្តមបានឱ្យដឹងទៀតថា បច្ចុប្បន្នកិច្ចអន្តរាគមន៍នេះទឹកបានមកដល់ឃុំពានរោង ស្រុកស្វាយអន្ទរ នៅប្រវែង៣គីឡូម៉ែត្រទៀតទើបដល់ឃុំស្វាយជ្រុំ ស្រុកមេសាង។ ក្រុមការងារខេត្ត និងស្រុកកំពុងសម្របសម្រួលដើមទី និងកណ្ដាលទី ដោយអនុញ្ញាតឱ្យប្រជាកសិករបូមពេលយប់ ដើម្បីមានលទ្ធភាពនាំទឹកដល់ចុងទី។ ចំពោះស្រុកមេសាង ផ្ទៃដីស្រូវរដូវប្រាំងដែលទាញយកទឹកពីប្រឡាយវៃគោ១ មានចំនួន៣៣៤៨ហិកតា។ តាមរយៈវិធានការនានាទឹកអាចគ្របដណ្ដប់ប្រឡាយចុងទីប្រហែល៧ថ្ងៃទៀត។

បើតាមឯកឧត្តមរដ្ឋលេខាធិការ នៅស្រុកមួយចំនួនទៀតដែលខ្វះខាតទឹករួមមាន ស្រុកពោធិ៍រៀង ស្រុកបាភ្នំ ស្រុកព្រះស្ដេច ក្រុមការងារខេត្ត-ស្រុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងក្រុមការងារចុះមូលដ្ឋានតាមស្រុក បាន និងកំពុងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹក។ ក្រៅពីនេះប្រជាកសិករមួយចំនួន បាន និងកំពុងម្ចាស់ការប្រើប្រាស់អណ្ដូងបូមសង្គ្រោះពីប្រភពទឹកក្រោមដីថែមទៀតផង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





