ឯកឧត្តម ងួន រាសី ជំរុញឱ្យសមាជិកសមាជិកាយុវជនចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិយើង
AKP កំពង់ធំ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សកម្ពុជាខេត្តកំពង់ធំ បានជំរុញឱ្យសមាជិកសមាជិកាយុវជនចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិយើង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តដែលមានសមាជិកសមាជិកាចូលរួមចំនួន១០៦រូប។

ឯកឧត្តម ងួន រាសី មានប្រសាសន៍ថា សមាជិក សមាជិកាទាំងអស់ត្រូវចូលរួមគោរពអនុវត្តទៅតាមការបែងចែកតួនាទីភារកិច្ចឱ្យបានល្អប្រសើរពិសេសត្រូវបន្តរក្សាសន្តិភាពឱ្យបានគង់វង់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានរីកចម្រើនបន្ថែមទៀត។ គោរពស្រឡាញ់ប្រជាពលរដ្ឋ សាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។ បន្តពិនិត្យតាមដាន និងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ដាច់ខាតចំពោះចលនាបដិវត្តន៍ពណ៌។ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រឹកយុវជនបក្សមូលដ្ឋានដើម្បីយកប្រៀបឈ្នះនៅការបោះឆ្នោតពេលខាងមុខ។ ប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពង្រឹង និងពង្រីកយុវជនបក្សឱ្យបានជាប្រចាំ។ ពង្រឹង និងពង្រីកភាពជាដៃគូជាមួយអង្គការយុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិលដើម្បីអភិវឌ្ឍន៍យុវជនឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តម ងួន រាសី បញ្ជាក់ថាយុវជនយល់ឱ្យបានច្បាស់អំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងចូលរួមគ្រប់សកម្មភាពដោយមានការទទួលខុសត្រូវខ្ពស់៕


ដោយ ស៊ុម វណ្ណា





