លោក ហាក់ ម៉ុងហួត នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំអណ្ដូងពោធិ៍ និងឃុំសូយោង
AKP កំពង់ធំ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥-- លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៣១គ្រួសារនៅ៤ទីតាំងផ្សេងគ្នា ក្នុងឃុំចំនួន២ គឺឃុំអណ្តូងពោធិ៍ និងឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារទាំងអស់ដោយក្តីនឹករឭក។ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយគឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺ "ទីណាមានការលំបាកទីនោះមានកាកក្រហមកម្ពុជា" ហើយការជួយគឺធ្វើឡើងដោយមិនប្រកាន់បក្សពួកនិន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានថ្លែងអំណរគុណចំពោះអាជ្ញាធរភូមិ/ឃុំ ដែលបានចុះជាប់ជាមួយប្រជាពលរដ្ឋព្រមទាំងបានរាយការណ៍មកស្រុកអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពពិសេសចាស់ៗ ព្រោះរដូវនេះអាកាសធាតុចុះត្រជាក់។

សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំង៣១គ្រួសារ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងត្រីខកំប៉ុង១យួរ៕

ដោយ ស៊ុម វណ្ណា





