ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលសម្រេចបានទាំងថ្នាក់ជាតិ និងអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥--ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលសម្រេចបានទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ការកោតសរសើររបស់ឯកឧត្តមអភិសន្តិបណ្ឌិតបានធ្វើឡើង នៅក្នុងពិធីប្រកាសស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ពិធីប្រកាសស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃ ដោយកែសម្រួលមាត្រា៤ នៃអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ការដែលក្រសួងមហាផ្ទៃ ធ្វើការកែសម្រួលនូវសមាសភាពក្រុមប្រឹក្សាកីឡា គឺដើម្បីឱ្យស្របតាមស្ថានភាព និងភាពរីកចម្រើននៃវិស័យកីឡារបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដើម្បីស្របតាមសមាសភាពជាក់ស្តែងនៃរចនាសម្ព័ន្ធដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះផងដែរ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលកន្លងមក សម្តេចបានខិតខំលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបានចំណាយនូវធនធានយ៉ាងច្រើនដើម្បីលើកស្ទួយ និងដឹកនាំវិស័យកីឡាក្រសួងមហាផ្ទៃ ឱ្យមានការរីកចម្រើន។ ដូចដែល ឯកឧត្តម សរ សិទ្ធិ បានធ្វើរបាយការណ៍មុននេះរួចហើយ អំពីសកម្មភាពការងារ និងលទ្ធផលដែលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបាននាពេលកន្លងមកបាននាំឱ្យក្រសួងមហាផ្ទៃ តែងតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដ៏ល្អមួយ ក្នុងការចូលរួមប្រកួតប្រជែងទាំងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ បើប្រៀបធៀបជាមួយក្រសួង ស្ថាប័នផ្សេងៗ។ លទ្ធផលទាំងអស់នេះ បានរួមចំណែកជួយលើកស្ទួយដល់វិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវកិត្យានុភាព និងកិត្តិយសសម្រាប់សង្គមជាតិរបស់យើងគួរជាទីមោទនៈ។ សកម្មភាព និងលទ្ធផលទាំងអស់នេះ ពិតជាមានសេចក្តីរីករាយ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រុមប្រឹក្សាកីឡា រួមជាមួយនឹងប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ និងពង្រឹងសមត្ថភាពដល់អត្តពលិកក្រសួងមហាផ្ទៃ រហូតទទួលបានលទ្ធផល ដូចមាននៅថ្ងៃនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ៖«ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ល្អប្រសើរ ដែលថ្នាក់ដឹកនាំ និងកីឡាករ កីឡាការិនីរបស់យើងទទួលបានពីព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤នេះ ជ័យជម្នះនេះ ជាបទពិសោធន៍ ហើយក៏ជាការធ្វើតេស្តិ៍វាស់ស្ទង់នូវសមត្ថភាពអត្តពលិករបស់យើងផងដែរ ក្នុងការត្រៀមខ្លួន ក៏ដូចជាពង្រឹងនូវការហ្វឹកហាត់បំប៉នសមត្ថភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្ពោះទៅចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅព្រះរាជាណាចក្រថៃ នាចុងឆ្នាំ២០២៥នេះ។ ជាការពិត វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព មិត្តភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ដែលទាំងនេះ ជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជារួមកីឡាបានជួយពង្រឹងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានរឹងមាំ បង្កើនប្រាជ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងលើកកម្ពស់សុខដុមនីយកម្ម ក្នុងសង្គមទាំងមូលផងដែរ»។

នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ (វិស័យកីឡាស្ថិតនៅបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស (ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា)។ នេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយលើកកម្ពស់ដល់វិស័យកីឡា។ បច្ចុប្បន្ននេះ វិស័យកីឡាកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានកិច្ចខិតខំប្រឹងប្រែងលើកស្ទួយពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមជ្រោមជ្រែងពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងសប្បុរសជនជាច្រើនផងដែរ។ ចំពោះការកែសម្រួលសមាសភាពក្នុងរចនាសម្ព័នដឹកនាំរបស់ ក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ នៅពេលនេះ ជាផ្នែកមួយជួយតម្រង់ទិសដឹកនាំវិស័យកីឡារបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ហើយនេះក៏មិនមានន័យថា យើងបញ្ឈប់ត្រឹមហ្នឹងនោះទេ ការអភិវឌ្ឍវិស័យកីឡាត្រូវពឹងផ្អែកលើធនធានថ្នាក់ដឹកនាំល្អ កីឡាករមានសមត្ថភាព មានវិន័យល្អ ក្រមសីលធម៌ល្អ ទើបយើងដើរទៅមុខដោយភាពស្វាហាប់ ជឿជាក់ មានទំនុកចិត្តខ្ពស់ ឆ្ពោះទៅដណ្តើមយកជ័យជម្នះទាំងលើឆាកជាតិ និងអន្តរជាតិ។

បន្ថែមពីលើនេះ ប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍នូវចំណុចសំខាន់ៗ រួមមាន៖ ១.ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមានសមាសភាពជាថ្នាក់ដឹកនាំគ្រប់លំដាប់ ទាំងថ្នាក់ក្រសួង និងរាជធានី ខេត្ត ហេតុនេះ ខ្ញុំស្នើសូម ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកទាំងអស់ រួបរួមគ្នា ពួតដែគ្នាបន្តនូវការជួយឧបត្ថម្ភជ្រោមជ្រែងទាំងប្រាជ្ញា ស្មារតី និងធនធាន ដើម្បីធ្វើឱ្យវិស័យកីឡារបស់ក្រសួងមហាផ្ទៃ ទទួលបាននូវការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរស្របតាមស្តង់ដាកីឡា។
២. ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត និងឯកឧត្តម លោកឧត្តមសេនីយ៍ស្នងការនគរបាលរាជធានី ខេត្ត សូមបន្តរៀបចំឱ្យមាននូវព្រឹត្តិការណ៍កីឡានៅថ្នាក់រាជធានី ខេត្ត ទៅតាមកម្រិតលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជ្រើសរើសអត្តពលិកដែលមានទេពកោសល្យល្អ បញ្ជូនមកធ្វើការបណ្តុះបណ្តាលជាថ្នាលបន្តវេននៅតាមបណ្តាសហព័ន្ធកីឡាជាតិ។
៣-ក្រុមប្រឹក្សាកីឡា គួរគិតគូវាយតម្លៃ និងធ្វើផែនការរួមមួយ សម្រាប់ជាទិសដៅដល់ការអនុវត្តការងារ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងនោះដែរ ត្រូវបន្តការខិតខំកៀរគរមូលនិធិ ថវិកា និងសម្ភារៈពីសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីបន្តនិរន្តរភាព និងធានាបាននូវការហ្វឹកហាត់របស់អត្តពលិក គ្រប់ប្រភេទកីឡាចំណុះក្រសួងមហាផ្ទៃ៕

ដោយ ហេង ណាលីន (រូបភាព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ)





