ពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំអំពិល ស្រុកកំពង់សៀម ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥--
លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងឱ្យឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយព្រះវត្តមានព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្ត លោក ទន់ ណេត ប្រធានកិត្តិយសអនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន២ គ្រូសារ មានគ្រួសារ ឈ្មោះថន ចាន់ថុន អាយុ៤៥ឆ្នាំ ជាកសិករ មានបន្ទុក៦នាក់ និងគ្រួសារ ឈ្មោះសែ ឈុន អាយុ ៥៦ ឆ្នាំ ជា កសិករ មានបន្ទុក៤នាក់ រស់នៅភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ដែលរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយឆ្លងចរន្តអគ្គិសនី ធ្វើឱ្យផ្ទះឈើប្រក់ក្បឿង២ខ្នង (ទំហំ៥ម × ១០ និងទំហំ ៥ម×៧ម) ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង។

ក្នុងឱកាសជួបគ្រួសារជនរងគ្រោះ លោក ស្រី សុភ័ក្ត្រ ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសាររងគ្រោះ ចំពោះឧទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ និងបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយស្របតាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។

លោក ស្រី សុភ័ក្ត្រ បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនានា ពិសេសអគ្គិភ័យដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស និង ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពឱ្យបានល្អ តាមវិធានអនាម័យស្អាត៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយចូលរួមជាមួយសហគមន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង២គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ៥០គក្រ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស តង់ធំ២ ឃីត២ (មុង ភួយ សារុង ក្រម៉ា) អាវយឺត១០ សម្ភារដំណេក សម្ភារ ផ្ទះបាយ និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយឡែក ព្រះមេគណខេត្ត សាលាអនុគណស្រុក អនុសាខាស្រុក និង សប្បុរសជន បានចលនារួមគ្នាជួយឧបត្ថម្ភជនរងគ្រោះទាំង២គ្រួសារ ក្នុង១គ្រួសារ ទទួលបានបន្ថែម អង្ករ ២០០គក្រ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យសរុប ចំនួន១,៥៣៥,០០០រៀលផងដែរ៕
ដោយ ឆាយ ម៉ុត





