រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីពង្វាងចរាចរក្នុងឱកាសដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៥នេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដូចបានជម្រាបជូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៖ ១- បិទកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ប្រវែង ១.៩៣៥ម៉ែត្រ ។ ២- បិទកំណាត់វិថីកាត់ទទឹង ចាប់ពីកែងតីរវិថីព្រះស៊ីសុវត្ថិ ដល់កែងមហាវិថីព្រះនរោត្តម រួមមាន៖ វិថីព្រះអង្គនន្ទ (ផ្លូវលេខ១០២), រុក្ខវិថីព្រះមហាក្សត្រីយានីកុសុមៈ (ផ្លូវលេខ១០៦), រុក្ខវិថី ឧកញ៉ា អ៊ឹង ប៊ុនហូវ (ផ្លូវលេខ១០៨), វិថីព្រះអង្គឌួង (ផ្លូវលេខ១១០), វិថីក្រឡាហោមគង់ (ផ្លូវលេខ១១៨), រុក្ខវិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០), វិថីឧកញ៉ា អ៊ុន (ផ្លូវលេខ១៣៦), វិថី ព្រះអង្គហស្សកណ្ឌ (ផ្លូវលេខ១៤៤), កំណាត់វិថីឧកញ៉ាអ៊ុក លន់ (ផ្លូវលេខ១៤៨) និងវិថី តេជោដំឌិន (ផ្លូវលេខ១៥៤)។ ៣- បិទវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) វិថីឧកញ៉ា សន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីកែងតីរវិថី ព្រះស៊ីសុវត្ថិ ដល់កែងវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ។ ៤- បិទវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) ចាប់ពីផ្នែកខាងកើតនៃវិថីព្រះអង្គអេង (ផ្លូវលេខ១៣) រហូតដល់កែងតីរវិថីព្រះស៊ីសុវត្ថិ ។ ៥- មហាវិថីសម្តេចសុធារស បិទចាប់ពីកែងវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)។ ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងនៅតាមបណ្តោយវិថីព្រះអង្គអេង (ផ្លូវ លេខ១៣) ដល់កែងវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) ត្រូវយកយានជំនិះរបស់បងប្អូនចេញពីតំបន់ថ្មើរជើង ឱ្យបានមុនពេលដែលបានកំណត់ខាងលើ ដើម្បីសម្រួលដល់ការដើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែល មានបំណងមកដើរកម្សាន្ត សូមមេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ ជំនួសឱ្យការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន និងសូមប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារខាងលើនេះ ដើម្បីញ៉ាំងឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើងអាចប្រព្រឹត្តទៅបានរលូន និងជោគជ័យ។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ សួស សំរិត





