ការផ្តល់ថវិកា២លានដុល្លារអូស្រ្តាលីពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា អូស្រ្តាលីផ្ដល់ថវិកា២លានដុល្លារអូស្រ្តាលី ពិតជាបានឆ្លើយតបការប្តេជ្ញាចិត្តរបស់សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីអនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានបញ្ជាក់បែបនេះក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជំនួយថវិការបស់ប្រទេសអូស្រ្តាលីចំនួន២លានដុល្លារអូស្ដ្រាលី សម្រាប់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4) ជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា តំណាងក្រសួងពាណិជ្ជកម្ម និងការបរទេសអូស្រ្តាលី (DFAT) និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ បានអរគុណចំពោះការរួមចំណែកបន្ថែមរបស់ប្រទេសអូស្រ្តាលី ក្នុងវិស័យសកម្មភាពមីន ដែលពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនៅតែបន្តរក្សាសន្ទុះ និងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ចំពោះអនាគតកម្ពុជា ដែលគ្មានមីន ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តទៀតថា ប្រទេសអូស្ត្រាលីគឺជាមិត្តដ៏យូរអង្វែង និងរឹងមាំរបស់កម្ពុជា ក្នុងការបង្កើតនូវការប្តេជ្ញាចិត្តរួមក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា និងបានអរគុណចំពោះភាពជាដៃគូជាមួយUNDP ចាប់តាំងពីឆ្នាំ១៩៩៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងUNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំ នាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំចំពោះការប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជាតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

ក្នុងឱកាសនោះ លោកស្រី Alissar Chaker បានលើកឡើងថា UNDPតែងតែផ្តល់តម្លៃដល់ភាពជាដៃគូយូរអង្វែងជាមួយអូស្ត្រាលីលើគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដែលមានគោលដៅសម្អាតដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដើម្បីអោយប្រជាកសិករប្រើប្រាស់បានដោយសុវត្ថិភាព ក៏ដូចជាអប់រំដល់ប្រជាជនអំពីហានិភ័យ និងគាំទ្រជនរងគ្រោះអោយទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងកសាងជីវិតរបស់ពួកគេ។ UNDP នៅតែប្តេជ្ញាក្នុងរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទទំព័រភាពសោកសៅនៃសង្គ្រាម។

តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអរគុណចំពោះការប្តេជ្ញាចិត្ត និង បន្តការគាំទ្រប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ និងUNDP ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព។
សូមបញ្ជាក់ថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់UNDPចាប់តាំងពីឆ្នាំ២០០៦ មកបានរំដោះផ្ទៃដីមានមីនចំនួន៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង១,២លាននាក់៕
ដោយ សួស សំរិត





