ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំតម្រង់ទិសវិជ្ជាជីវៈ នៅវិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសប្រភេទថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ» នៅវិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមវត្តមានរបស់លោក ឡុង ទិត្យ ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក ពៅ សាវឿត ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងនាយកដ្ឋានជំនាញ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ សរុបជាង ៣០០នាក់។

លោក ពៅ សាវឿត ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានប្រសាសន៍លើកឡើងអំពីគោលបំណងនៃការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះថា ជាផ្នែកមួយនៃអន្ដរាគមន៍គាំទ្រដល់ក្មួយៗសិស្សានុសិស្សកម្រិតមធ្យមសិក្សា ដើម្បីផ្ដល់មូលដ្ឋានក្នុងការស្វែងយល់ពីខ្លួនឯង និងព័ត៌មានទីផ្សារការងារ ដែលជះឥទ្ធិពលដល់តម្រូវការជំនាញនៃកម្លាំងពលកម្មកម្ពុជាយើង។ ដូច្នេះ ក្មួយៗសិស្សានុសិស្សត្រូវមានភាពបុរេសកម្មក្នុងស្មារតីម្ចាស់ការខ្ពស់លើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខ ដើម្បីខ្លួនឯងអាចទទួលបានសមត្ថភាពជំនាញពិតប្រាកដ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ សមស្របតាមសមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន។

បន្ទាប់ពីវាគ្មិនពីនាយកដ្ឋានជំនាញធ្វើបទបង្ហាញអំពីមូលដ្ឋាននៃការជ្រើសរើសមុខជំនាញចប់ លោក ឡុង ទិត្យ ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចែករំលែកព័ត៌មានជូនប្អូនៗសិស្សានុសិស្សអំពីកម្មវិធីណ្ដុះបណ្ដាល និងព័ត៌មានពាក់ព័ន្ធនឹងការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





