មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តបន្ទាយមានជ័យសម្រេចបានលើវិស័យអប់រំ
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តបន្ទាយមានជ័យសម្រេចបានលើវិស័យអប់រំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅប្រទេសកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមបានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ របស់ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី អភិបាល-អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ បុគ្គលិកអប់រំ នាយក នាយិកាវិទ្យាល័យ ដៃគូអង្គការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើននាក់ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ឯកឧត្តម សេរី ជំនះ បានមានប្រសាសន៍ថា អង្គសន្និបាតប្រចាំឆ្នាំធ្វើឡើងដើម្បីបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំសិក្សាបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយផ្តោតជាសំខាន់ទៅលើបទបង្ហាញ ពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅបន្តសម្រាប់យកទៅអនុវត្តនាឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ខាងមុខ ដែលនឹងត្រូវដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក វាយតម្លៃ ឱ្យបានត្រឹមត្រូវ ព្រមទាំងកំណត់ទិសដៅ វិធានការ និងសកម្មភាព ឱ្យបានសមស្របតាមការអនុវត្តយុទ្ធសាស្ត្រកំណែ ទម្រង់វិស័យអប់រំឆ្នាំ២០២៤-២០២៨ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃ ប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើន សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ទន្ទឹមនឹងនេះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងពីស្ថិតិអប់រំទូទាំងខេត្តឆ្នាំសិក្សា២០២៤-២០២៥នេះថា នៅទូទាំងខេត្តផ្នែករដ្ឋ មត្តេយ្យសិក្សាមាន២១សាលា ថ្នាក់រៀន៥៨៧ថ្នាក់ សិស្សចំនួន១៨៨៦០នាក់។ បឋមសិក្សា៤០៩សាលា ថ្នាក់រៀន៣៣០៤ថ្នាក់ សិស្សចំនួន៩៩៤៤៤នាក់ អនុវិទ្យាល័យ៥៤សាលាថ្នាក់រៀន៣២៥ថ្នាក់ មានសិស្សចំនួន១៤៦៦៦នាក់។ វិទ្យាល័យមាន៣០សាលា ថ្នាក់រៀន៧០៦ថ្នាក់ សិស្សសរុបចំនួន៣៣៩០៨នាក់។ ផ្នែកឯកជន និងអង្គការមត្តេយ្យសិក្សា៧០សាលាថ្នាក់រៀន២០៥ សិស្សសរុបចំនួន៤៣៣២នាក់។ បឋមសិក្សា៧១សាលា ថ្នាក់រៀន៧៦៥ថ្នាក់ សិស្សសរុប១៧៥៣៣នាក់។ អនុវិទ្យាល័យ១០សាលា ថ្នាក់រៀន៣០ថ្នាក់ សិស្សសរុប៧២៥នាក់ និងវិទ្យាល័យ២៤សាលា ថ្នាក់រៀន២៩២ថ្នាក់ មានសិស្សសរុបចំនួន៧៦៦៣នាក់ មាន បុគ្គលិកអប់រំទូទាំងខេត្តមានចំនួន៥៩៨១នាក់។ ការអប់រំឧត្តមសិក្សាមានគ្រឹះស្ថានសិក្សា៤កន្លែងដែលមាននិស្សិតកំពុងសិក្សាសរុបចំនួន៧៧៧២នាក់ និងបុគ្គលិកសិក្សា២៦៤នាក់៕


ដោយ ឈុន សារ៉ាត





