ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៖ ក្នុងឆ្នាំ២០២៤ ការទទួលបានអំណោយឈាមសរុបចំនួន ១៦២ ៨៣៩ ប្លោក គឺមានកំណើនប្រមាណ២៣ភាគរយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគូសបញ្ជាក់ថា អំណោយឈាមសរុបដែលមជ្ឈមណ្ឌលជាតិទទួលបានក្នុងឆ្នាំ២០២៤ មានចំនួន ១៦២ ៨៣៩ ប្លោក បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គឺមានកំណើតប្រមាណ២៣ភាគរយ ដែលនេះគឺជាមោទនភាពមួយដែលមានការចូលរួមពីបងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយយកឈាមទាំងនោះទៅជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាម។

ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានដាក់ទិសដៅ និងផែនការសម្រាប់តម្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក គឺស្មើនឹង១ភាគរយ នៃចំនួនប្រជាជនសរុប ហើយនេះគឺជាគោលដៅដែលបានកំណត់ដោយអង្គការសុខភាពពិភពលោកផងដែរ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានចូលរួមផ្សព្វផ្សាយ អប់រំ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួម ជាពិសេសយុវជន ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ក៏បានធ្វើការផ្សព្វផ្សាយអប់រំ ជាមួយក្រុមកីឡាករ ក្រុមយុវជន ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានជម្រាបជូនថា ចំពោះការទទួលបានអំណាយឈាមទាំងអស់ គឺមាន២៣ភាគរយ ដែលទទួលបានមកពីអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ហើយយើងក៏មានគោលនយោបាយមួយទៀតគឺការបរិច្ចាគឈាមជំនួស មានន័យថា ប្រសិនបងប្អូនណាត្រូវការឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមគឺត្រូវការបងប្អូន ឬអ្នកស្ម័គ្រចិត្ដជំនួស ដើម្បីបរិច្ចាគ ហើយបើគិតចំនួនគឺមានប្រមាណ៧០ភាគរយ។

លោកវេជ្ជបណ្ឌិតបានធ្វើការកត់សម្គាល់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដគឺមានការកើនឡើងដោយសារតែមានការចូលរួមពីគ្រប់ផ្នែក និងមានការយល់ដឹងពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ហើយជាទូទៅសហគ្រាសឯកជន ក្រុមហ៊ុន អង្គការជាតិ អន្ដរជាតិ និងមន្ទីរពេទ្យនានា រួមទាំងមន្ទីរពេទ្យជាតិ ក្រសួងសុខាភិបាល ដោយគ្រប់មន្ទីរពេទ្យទាំងអស់ តែងតែរៀបចំធ្វើការបរិច្ចាគឈាមដោយស្ម័គ្រនេះជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឆ្នាំ២០២៥នេះ នៅគ្រប់មន្ទីរពេទ្យជាតិ បានដាក់ផែនការរបស់ខ្លួនក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ដឱ្យបានពីរដងក្នុងមួយឆ្នាំផងដែរ។ លោកវេជ្ជបណ្ឌិតបានលើកឡើងផងដែរថា បច្ចុប្បន្ននេះ តម្រូវការឈាមសម្រាប់ផ្ដល់ជូនអ្នកជំងឺគឺមានគ្រប់គ្រាន់ ប៉ុន្ដែដើម្បីធានាសុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពដល់បងប្អូនជនរួមជាតិទាំងអស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមចង់បានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ដោយសារតែឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្ដគឺជាឈាមដែលមានគុណភាពជាងឈាមដែលបានបរិច្ចាគជំនួស។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលតែងតែសហការល្អជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងជាមន្ទីរពេទ្យគំរូមួយក្នុងការចូលរួមចំណែកជួយបំផុសទៅដល់ស្ថាប័ននានា ឱ្យចូលរួមក្នុងកិច្ចការបរិច្ចាគឈាមនេះ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ចូលរួមឱ្យបានផុសផុលក្នុងការបរិច្ចាគឈាម ដើម្បីធ្វើយ៉ាងណាឱ្យអត្រានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនេះ អាចឈាមទៅដល់កម្រិតខ្ពស់ស្របតាមគោលដៅរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងសុខាភិបាលដែលបានដាក់ចេញធ្វើយ៉ាងណាឱ្យបាន៤០ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ។ លោកវេជ្ជបណ្ឌិតក៏បានស្នើដល់យុវជន យុវនារី ជាពិសេសត្រូវគិតថានៅក្នុងបេះដូងរបស់យុវជនគឺដើម្បីជាតិមាតុភូមិ មានតែការបរិច្ចាគឈាមដែលជាសកម្មភាពអាទិភាពទី១ហើយ ដើម្បីចូលរួមជួយសង្គ្រោះជីវិតមនុស្សព្រោះការផ្ដល់ឈាមផ្ដល់នូវអត្ថប្រយោជន៍ច្រើនក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ជួយសង្គម និងជួយដល់សុខភាពខ្លួនឯងផងដែរ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញបានបញ្ជាក់ថា ការរៀបចំកម្មវិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះគឺក្នុងគោលដៅជួយដល់ប្រជាជនកម្ពុជាដែលមានការខ្វះខាតឈាមដូចជាការជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬការវះកាត់ផ្សេងៗដែលត្រូវការឈាមដើម្បីចូលរួមចំណែកដល់មន្ទីរពេទ្យនានាដែលត្រូវការឈាម សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសចង់ជំរុញលើកទឹកចិត្ដដល់អ្នកចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីយកទៅផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ លោកសាស្រ្ដាចារ្យបានជំរុញ និងលើកទឹកចិត្ដឱ្យមានវប្បធម៌ក្នុងការផ្ដល់ឈាមជាប្រចាំ ហើយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្នុង១ឆ្នាំ៤ដង ដែលធ្វើរៀងរាល់ ៣ខែម្ដង។

លោកសាស្ត្រាចារ្យ Attapoom Susupaus បានបញ្ជាក់បន្ថែមថា៖ «ការរៀបចំកម្មវិធីបរិច្ចាគឈាមនេះ គឺបុគ្គលិក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានស្ម័គ្រចិត្ដមកបរិច្ចាគឈាម រួមជាមួយក្រុមហ៊ុនដៃគូរបស់មន្ទីរពេទ្យ ដើម្បីឱ្យការបរិច្ចាគឈាមនេះ បានទៀងទាត់ និងគ្រប់គ្រាន់ក្នុងការជួយដល់អ្នកជំងឺដែលត្រូវការឈាមនៅក្នុងប្រទេសកម្ពុជា»៕




ដោយ៖ រិទ្ធី





