រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូរបែបជូនដល់សាធារណជន
AKP សៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូរបែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មាន ខេត្ដសៀមរាប។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីព័ត៌មាន សូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងកោតសរសើរមន្ទីរព័ត៌មានខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហា ផ្សេងៗដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រកាន់អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិរបស់ខ្លួន និងជាសេនាធិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាននិងសាធារណមតិ៕







ដោយ៖ រិទ្ធី រូបថត៖ ឡុង ដេវីត





