កាកបាទក្រហមកម្ពុជាខេត្តតាកែវបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥
AKP តាកែវ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវអនុប្រធាន និងសមាជិកសមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកលោកស្រីអភិបាលអភិបាលរងក្រុង-ស្រុក លោកលោកស្រីប្រធានអនុប្រធានសមាជិកសមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ចូលរួមជាច្រើនរូបផងដែរ។

ក្នុងពិធីសំណេះសំណាល ឯកឧត្តម វ៉ី សំណាង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តមលោកជំទាវលោកលោកស្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ ដោយមានការសហការបានល្អប្រសើររបស់គណៈកម្មាធិការសាខាក្រុមប្រតិបត្តិសាខា ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ រយៈពេលមួយឆ្នាំកន្លងមកនេះសម្រេចបានលទ្ធផលការងារល្អប្រសើរគួរជាទីមោទនៈ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អាចដំណើរការដោយរលូនក៏ដោយសារមានការចូលរួមឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពីថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនក្នុង និងក្រៅប្រទេស ជាពិសេសពីសំណាក់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែណែនាំជាប្រចាំឱ្យមន្ត្រីកាកបាទក្រហមកម្ពុជា ចុះជួយបងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងរងគ្រោះផ្សេងៗ ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់ជាតិសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយនោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា រយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២៤កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទទូទាំងខេត្តតាកែវបានចំនួន១០៣៦គ្រួសារ ដោយក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ អគ្គិភ័យ រន្ទះបាញ់ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទ័លក្រ ជនពិការ អ្នកផ្ទុកជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋរងគ្រោះផ្សេងៗទៀត៕

ដោយ អ៊ុច សៀង





