អតីតយុទ្ធជនកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវ ដែលបានចាត់ចែងក្រុមការងាររៀបចំតបណ្ដាញអគ្គិសនីដើម្បីប្រើប្រាស់ប្រចាំថ្ងៃ
AKP កំពង់ធំ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិមរតកតេជោថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានអនុញ្ញាតឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាសាងសង់បង្គោលភ្លើង តភ្ជាប់បណ្ដាញអគ្គិសនីចូលក្នុងភូមិរបស់បងប្អូនអតីតយុទ្ធជន ដែលបាន និងកំពុងរស់នៅមានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ ដែលកន្លងមកមិនទាន់ទទួលបានបណ្ដាញអគ្គិសនីប្រើប្រាស់នៅឡើយ។

កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការតបណ្ដាញអគ្គិសនី និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានគូសបញ្ជាក់ថា ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈបានមកចាប់ឆ្នោតទទួលយកដី សម្បទានសង្គមកិច្ច ក្នុង០១គ្រួសារ ចំនួន០១ហិកតាកន្លះ និងផ្ទះថ្មី០១ខ្នង ដែលមានទំហំ ៥ម៉ែត្រគុណនឹង៧ ម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដែលបច្ចុប្បន្នបងប្អូនបានរស់នៅមានរយៈពេលជិត៤ឆ្នាំហើយមិនទាន់ទទួលបានបណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅឡើយ។

លោកតា សំ ប៉ាន អតីតយុទ្ធជនពិការ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម ដែលបានខិតខំប្រឹងប្រែងចាត់ចែងក្រុមការងាររៀបចំតបណ្ដាញអគ្គិសនី ជូនដល់បងប្អូនអតីតយុទ្ធជន ដើម្បីបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕



ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





