លោក ឃីម សុខឃាង អញ្ជើញប្រគល់ផ្ទះ១ខ្នង និងសម្ភារប្រើប្រាស់ជូនគ្រួសារដែលរងអគ្គិភ័យនៅឃុំសំបូរណ៍
AKP កំពង់ធំ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- លោក ឃីម សុខឃាង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកប្រាសាទសំបូរ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះថ្មី០១ខ្នង ទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឥដ្ឋចាក់សាបបាត ដំបូលស័ង្កសី និងជញ្ជាំងស័ង្កសី ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនប្រគល់ជូនដល់គ្រួសារឈ្មោះ សន អ៊ត ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិសំរិត ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃីម សុខឃាង បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់បងស្រី សន អ៊ត ជាស្ត្រីមេម៉ាយមានកូន ៤នាក់នៅក្នុងបន្ទុក កូនទី១ឈ្មោះ ឡាំង តុងហ៊ីន ភេទប្រុស អាយុ១៧ឆ្នាំ ឈប់រៀន មិនទាន់មានមុខរបរ។ កូនទី២ ឈ្មោះ ឡាំង ឡៃអួយ ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥។កូនទី៣ឈ្មោះ ឡាំង ងោល ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤និងកូនទី៤ឈ្មោះ ឡាំង ឡៃអាង ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣ ហើយផ្ទះរបស់បងស្រី សន អ៊ត ទទួលរងអគ្គីភ័យកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។

លោកប្រធានបានផ្ដួចផ្ដើមកៀរគររកថវិកា និងសម្ភារ ជួយសាងសង់ផ្ទះ០១ខ្នងជូនដល់បងស្រី ជាជម្រក ការពារក្ដៅ រងារ និងភ្លៀងផ្គរផងដែរ។ ជាលទ្ធផលគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរដឹកនាំដោយ លោក ឃីម សុខឃាង បានសម្រេចសាងសង់ផ្ទះ០១ខ្នងដោយចំណាយថវិកាសរុប៤លាន៨០ម៉ឺនរៀល។ ថវិកាទាំងនេះបានមកពីការចូលរួមពីគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរក្រុមយុវជនបន្តវេន ព្រមទាំងសប្បុរសជននានាជាច្រើនទៀត។

សូមបញ្ជាក់ថា គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរតែងតែធ្វើការងារមនុស្សធម៌ ដើម្បីជួយដល់គ្រួសារដែលជួបទុក្ខលំបាកនៅក្នងស្រុកក្នុងរយៈពេលកន្លងមកផងដែរ៕
ដោយ ស៊ុម វណ្ណា





