ព្រះសច្ចានុបាល នឿម វុទ្ធី៖ គុណតម្លៃនៃភាសាបាលី សំស្ក្រឹត ជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា
AKP សៀមរាប ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- ពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានរៀបចំការប្រឡងជ្រើសរើស សមណសិស្ស-សិស្ស ពូកែមុខវិជ្ជាភាសាបាលី-ភាសាសំស្ក្រឹត ឆ្នាំ២០២៥ សម្រាប់ត្រៀមបេក្ខភាពប្រឡងថ្នាក់ជាតិនាពេលខាងមុខ។

លោក ឃុន បញ្ញាវុទ្ធ នាយករងពុទ្ធិកវិទ្យាល័យរាជបូណ៌ មានប្រសាសន៍ថា បេក្ខសាមណៈជ្រើសរើសសម្រាប់ការប្រឡងនេះមានចំនួន៥២រូប កម្រិតថ្នាក់ទី៧ ទី៨ ទី១០និងទី១១ ជាការសម្រិតសម្រាំង ដើម្បីរៀនបំប៉នក្នុងពេលវិស្សមកាលនៅដើមខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២៥ទើបចូលរៀនវិញ។ ការប្រឡងនៅពេលនេះជាការប្រឡងលើកទី២ដំណាច់ឆ្នាំសិក្សាដើម្បីបន្សុទបេក្ខភាពត្រៀមបញ្ជូនទៅចូលរួមប្រឡងថ្នាក់ជាតិនាឆ្នាំក្រោយ។

ប្រឡងជ្រើសរើសបេក្ខសាមណៈពូកែមុខវិជ្ជាភាសាបាលី-ភាសាសំស្ក្រឹត ធ្វើឡើងមួយឆ្នាំ២ដង តាមការណែនាំរបស់គណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា ហើយពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប ក៏យកមកអនុវត្តតាម ដើម្បីឱ្យសាមណៈសិស្សរៀនបំប៉នសម្រាប់ត្រៀមខ្លួនទៅប្រឡងនៅ ថ្នាក់ជាតិទាំងកម្រិតមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។ ព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិក៏បានជំរុញលើកទឹកចិត្តដល់សាមណសិស្សឱ្យខិតខំរៀនភាសាបាលី និងសំស្ក្រឹត ដើម្បីប្រឡងជាប់បានធ្វើជាគ្រូកិច្ចសន្យាដោយស្វ័យប្រវត្តិព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួនផងដែរ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការវត្តបារាយណ៍មហានទីរតនារាម (វត្តស្វាយរមៀត) មានថេរដីកាថា កន្លងមកថ្មីៗនេះ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យ និងកសាងនូវមូលធនព្រះសង្ឃ ជំរុញឱ្យការសិក្សា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ព្រោះថាគុណតម្លៃនៃភាសាបាលី សំស្ក្រឹត ជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា និងមានទំនាក់ទំនងស្អិតរមួតជាមួយអក្សរសាស្ត្រខ្មែរ ហើយពុទ្ធិកសិក្សាជាសរសរស្តម្ភដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា និងក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រឹងគ្រឹះនៃអក្សរសាស្ត្រជាតិ៕
ដោយ ឃុត សៅ





